(ភ្នំពេញ)៖ សម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលគ្មានគោលការណ៍ហាមឃាត់សប្បុរសជន និងសហគមន៍ចូលរួមកសាងសាលារៀននោះទេ គឺមានតែលើកទឹកចិត្តបន្ថែមឱ្យសហគមន៍ និងសប្បុរសជនចូលរួមក្នុងចលនាលើកកម្ពស់វិស័យអប់រំ។

ការថ្លែងបែបនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ​ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលគ្មានគោលការណ៍ហាមឃាត់សប្បុរសជន និងសហគមន៍ចូលរួមកសាងសាលារៀននោះទេ គឺមានតែលើកទឹកចិត្តបន្ថែមឱ្យសហគមន៍ និងសប្បុរសជនចូលរួមក្នុងចលនាលើកកម្ពស់វិស័យអប់រំ។

សម្ដេចបានបន្តថា កន្លែងខ្លះដោយសារតម្រូវការលឿន រដ្ឋដោះស្រាយមិនទាន់ ដូច្នេះលោកគ្រូអ្នកគ្រូបានធ្វើចលនាជាមួយប្រជាពលរដ្ឋ ដើម្បីរៀបចំឱ្យបានបន្ទប់បង្រៀនបណ្ដោះអាសន្នសិន។ ពិតណាស់ រដ្ឋបានកសាងអគារសិក្សារៀងរាល់ឆ្នាំ ប៉ុន្តែក៏នៅតែបន្តកសាងជូនសាលារៀនបន្តទៅទៀត។ ការចូលរួមរបស់សហគមន៍ជាមួយវិស័យអប់រំនេះ គឺពិតជាមានសំខាន់ណាស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋមន្ត្រីក្រសួងអប់រំបន្ថែមទៀតថា ទោះបីអនុវត្តយន្តការអ្វីក៏ដោយ គឺកុំដាក់កំហិតឱ្យឪពុកម្ដាយ អាណាព្យាបាលសិស្សឱ្យបង់ប្រាក់ប៉ុណ្ណេះប៉ុណ្ណោះទៅឱ្យសាលា ឬទៅឱ្យគ្រូបង្រៀនរបស់រដ្ឋ។ តែប្រសិនបើសហគមន៍ ឬឪពុកម្ដាយចូលរួមដោយការស្ម័គ្រចិត្ត ក៏កុំហាមឃាត់ឱ្យសោះ។

សម្ដេចធិបតីបានថ្លែងថា «យើងគ្មានសិទ្ធិហាមឪពុកម្ដាយ ឬសប្បុរសជនឱ្យចូលទៅជួយអភិវឌ្ឍសាលារៀន ឬកសាងសមិទ្ធផលក្នុងសាលារៀននោះទេ ថែមទាំងលើកទឹកចិត្តតទៅទៀត»

សម្ដេចធិបតីបានបន្តទៀតថា កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានដាក់ចេញគោលនយោបាយកសាងច្រើនណាស់នៅទូទាំងប្រទេស ជាង២០ឆ្នាំ ៣០ឆ្នាំមកនេះ ក្នុងនោះក៏មានការចូលរួមពីសប្បុរសជននានាក្នុងការចូលរួមឧបត្ថម្ភដល់សាលារៀនផងដែរ។

តាមរយៈរូបមន្ត PCP (Public Community Partnership) សម្ដេចធិបតីបានប្រកាសបន្តលើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍ មាតាបិតា ចាប់ដៃជាមួយលោកគ្រូអ្នកគ្រូចូលរួមលើកកម្ពស់ការអប់រំ មិនត្រឹមតែចូលរួមថវិកាទេ តែក៏សូមចូលរួមលើកកម្ពស់ទាំងការអប់រំសីលធម៌ដល់កូនៗ សិស្សានុសិស្សផងដែរ៕