(សិង្ហបុរី)៖ យោងតាមគេហទំព័រទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី (NEA) បានឲ្យដឹងថា ករណីថ្មីចំនួន១២ នៃការឆ្លងវីរុស Zika ត្រូវបានអះអាងថាកើតមានឡើងបន្ថែមទៀតនៅចុងសប្តាហ៍មុន ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបកើនដល់៣៨១ករណី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

ទីភ្នាក់ងារបរិស្ថានជាតិ បានបន្ថែមទៀតថា គ្មានការរាយការណ៍ពីករណីឆ្លងវីរុស Zika នៅថ្ងៃចន្ទនេះទេ គិតត្រឹមម៉ោង៣៖០០នាទីរសៀល (ម៉ោងនៅក្នុងប្រទេសសិង្ហបុរី)។ ដោយឡែក យោងតាមព័ត៌មាននៅលើគេហទំព័ររបស់ NEA ករណីថ្មីមួយចំនួនត្រូវបានរកឃើញនៅតំបន់ឆ្លងថ្មី Hougang Ave 7 ដោយពីរករណី ត្រូវបានរាយការណ៍ថាបានកើតឡើងនៅ Block 325។

ចំពោះករណីឆ្លងថ្មីផ្សេងទៀត គឺបីករណីនៅក្នុងចំណោមនោះ ត្រូវបានគេរកឃើញនៅតំបន់ Aljunied/Sims Drive ដែលជាតំបន់មានករណីឆ្លងច្រើនជាងគេ ចំនួន២៨៦ករណី។ ចំណែកពីរករណីថ្មីទៀត ត្រូវបានរកឃើញនៅតំបន់ Elite Terrace ដែលមានចំនួនករណីឆ្លងសរុប១៣ករណី ហើយគិតត្រឹមថ្ងៃចន្ទនេះ វាគឺតំបន់ដែលមានករណីឆ្លងច្រើនទីពីរ នៅក្នុងប្រទេសសិង្ហបុរី៕