(ភ្នំពេញ)៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរចំពោះសាលាអាមេរិកាំងហ្គោលឌិនហ្គេត ក្រៅពីបណ្ដុះបណ្ដាលសិស្សានុសិស្សស្របទៅតាមស្ដង់ដារអន្ដរជាតិ ពិសេសដោយអនុវត្ដកម្មវិធីសិក្សាជាតិ ដោយប្រើប្រាស់កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើកុមារ មានសមត្ថភាពខ្ពស់ក្នុងប្រើប្រាស់ភាសាបានយ៉ាងល្អ និងច្បាស់ ទាំងភាសាជាតិយើង និងអន្ដរជាតិ។

ការថ្លែងដូច្នេះរបស់លោកស្រីរដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញជាអធិបតីភាព កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា សម្រាប់សិស្សានុសិស្ស ពីថ្នាក់ទី១ ដល់ទី៨ របស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នៅសណ្ឋាគារ SOFITEL PHNOM PENH PHOKEETRA នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រី គឹម សេដ្ឋានី បានថ្លែងបន្ដថា ពេលដែលសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានផ្ដល់ជូនកម្មវិធីសិក្សាស្ដង់ដារ គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្ដុះបណ្ដាលមូលធនមនុស្សសម្រាប់កម្ពុជា។ ដោយក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្ដិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ការកសាងមូលធនមនុស្ស នៅតែជាអាទិភាព ពីព្រោះកម្ពុជាចង់សម្រេចនូវចក្ខុវិស័យ ប្រែក្លាយប្រទេសដែលបច្ចុប្បន្នមានប្រាក់ចំណូលមធ្យម ទៅជាប្រទេសដែលប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក៏ដូចជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។ ដូច្នេះចាំបាច់បំផុតគឺត្រូវការមូលធនមនុស្ស ដែលមានទាំងចំណេះដឹងផ្នែករឹង ចំណេះដឹងផ្នែកទន់ ចរិយាសម្បត្ដិជាពលរដ្ឋល្អរបស់ជាតិ។

«ដូច្នេះក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា នាងខ្ញុំសូមថ្លែងអំណរគុណសារជាថ្មីចំពោះក្រុមប្រឹក្សាភិបាល អ្នកគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលា ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួម សម្រេចនូវអ្វីដែលជាចក្ខុវិស័យ ក៏ដូចជាយុទ្ធសាស្ដ្រារបស់រាជរដ្ឋាភិបាល និងសូមថ្លែងអំណរគុណជាពិសេសចំពោះមាតាបិតា ដែលខិតខំប្រឹងប្រែងក្នុងការវិនិយោគសម្រាប់បុត្រធីតាលោកអ្នក។ គ្មានអ្វីដែលទទួលបានផលចំណេញជាងការវិនិយោគទៅលើវិស័យអប់រំនោះទេ ថ្វីត្បិតថាការបណ្ដុះបណ្ដាលធនធានមនុស្ស ត្រូវប្រើរយៈពេលវែងឆ្ងាយ ហើយត្រូវប្រើថវិកាច្រើន ក៏ប៉ុន្ដែជាការវិនិយោគមួយដែលមានផលចំណេញច្រើនបំផុត លើសពីការវិនិយោគផ្សេងៗ»។ ការបញ្ជាក់បន្ថែមរបស់លោកស្រី។

លើសពីនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ បានសម្ដែងអារម្មណ៍ថ្លែងអំណរគុណ ចំពោះមាតាបិតាសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមផ្ដល់ឱកាសដល់បុត្រធីតារបស់លោកអ្នក នៅក្នុងការទទួលបានការអប់រំ ដែលប្រកបទៅដោយគុណភាព ឆ្លើយតបទៅនឹងយុទ្ធសស្ដ្របញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស។

ក្នុងនាមក្រសួងអប់រំជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយ និងទិសដៅនៃកំណែទម្រង់អាទិភាពជាច្រើនផងដែរក្នុងវិស័យនេះ រួមមាន ការបណ្ដុះបណ្ដាលកុមារ និងយុវជនកម្ពុជា ឱ្យមានមនសិកាស្នេហាជាតិ មានការទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងមានមោទនភាពជាតិ តាមរយៈការលើកកម្ពស់ ការបង្កើននូវគំនិត គុណតម្លៃ នៃបំណងប្រាថ្នារួមគ្នា ដើម្បីបង្កើតបាននូវការសាមគ្គីភាព និងអត្ដសញ្ញាណជាតិ និងចំណុចសំខាន់ៗជាច្រើនទៀត។ «លើចំណុចនេះក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះសាលាអាមេរិកាំងហ្គោលឌិនហ្គេត យើងឃើញថា ក្រៅពីការសិក្សាអន្ដរជាតិ គឺបានអនុវត្ដកម្មវិធីសិក្សាជាតិ ដោយប្រើប្រាស់កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ។យើងទាំងអស់គ្នាពិតជាមានមោទនភាព ដែលកុមារកម្ពុជា ច្បាស់ទាំងភាសាខ្មែរ និងអន្ដរជាតិផងដែរ»

លោកជំទាវបានបញ្ជាក់ទៀតថា គោលដៅនៃការអប់រំ គឺមិនត្រឹមតែឱ្យសិស្សានុសិស្សរបស់យើងក្លាយជាពលរដ្ឋដ៏សកម្មរបស់ជាតិយើង តែជាពលរដ្ឋសកល ដែលយល់ដឹង គិត និងអាចរកដំណោះស្រាយរួមគ្នា ដើម្បីសុខសន្ដិភាព នៅក្នុងពិភពលោកតែម្ដង។ តាមរយៈរបាយការណ៍របស់សាលាខាងលើនេះ យើងឃើញសកម្មភាពសប្បុរសធម៌ និងសង្គមផ្សេងៗដូចជាការរៀបចំជាមូលនិធិ ធ្វើឱ្យសិស្សានុសិស្សចេះចែករំលែកក្ដីស្រលាញ់ ចេះជួយយកអាសារគ្នា អាចជួយអ្នកដទៃ និងសង្គមជាតិ។ ចំណុចទាំងអស់នេះហើយ ដែលជាផ្នែកមួយចូលរួមចំណែកដ៏សំខាន់ ដើម្បីសម្រេចនូវអ្វីដែលជាគោលបំណងនៃការអប់រំប្រទេសកម្ពុជាយើង។

លោកស្រីរដ្ឋលេខាធិការប្រចាំការក៏បានសង្ឃឹមយ៉ាងមុតមាំថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត នឹងនៅតែបន្ដអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទៅលើកម្មវិធីសិក្សាស្របតាមស្ដង់ដារជាតិ និងអន្ដរជាតិ ដើម្បីបន្ដចូលរួមដើរតួនាទីដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលមូលធនមនុស្ស ដែលឆ្លើយតបទៅនឹងភាពខ្លាំង ជាពិសេសគឺសម្រេចបាននូវអ្វីដែលជាការរំពឹងទុករបស់មាតាបិតា ក្នុងការវិនិយោគទៅលើបុត្រធីតារបស់គាត់ និងបន្ដក្លាយជាគ្រឹះស្ថានសិក្សាមួយដែលអាចផ្លាស់ប្ដូរជោគវាសនារបស់សិស្សានុសិស្ស ក៏ដូចជាសម្រេចបាននូវអ្វីជាក្ដីសុបិន្ដរបស់សិស្សានុសិស្សផងដែរ។

តាមរយៈប្រសាសន៍របស់លោកស្រីរដ្ឋលេខាធិការក្រសួងខាងលើ មាតាបិតាសិស្សានុសិស្សបានបង្ហាញសេចក្ដីសប្បាយរីករាយខ្លាំងណាស់ ក្នុងនោះលោកស្រី នួន ផល្លា ដែលអាណាព្យាបាលរបស់កុមារ ពេជ្រ សុធីរាជ រៀនថ្នាក់ទី៦ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានថ្លែងថា ក្នុងនាមជាមាតាបិតាសិស្ស យើងទាំងអស់គ្នា ពិតជារំភើបពេលឃើញកូនឆ្លាតវៃ រៀនពូកែ និងទទួលបានការអប់រំបានយ៉ាងល្អពីសាលា ។

លោកស្រី នួន ផល្លា បានបន្ដថា ខ្ញុំនឹងជួយជំរុញបន្ថែមពីក្រោមបន្ថែមទៀត ដើម្បីឱ្យកាន់តែមានសមត្ថភាពកាន់តែពូកែ និងក្លាយជាធនធនដ៏សម្រាប់សង្គមជាតិ។ លោកស្រីបញ្ជាក់ថា «ចំណេះវិជ្ជា គឺល្អសម្រាប់ពួកគាត់ខ្លាំងណាស់ យើងមានអ្វីចែកឱ្យគាត់ គឺគាត់អាចចាយអស់ តែសម្រាប់ចំណេះវិជ្ជា គឺគាត់ប្រើពេញមួយជីវិតគាត់ ដោយមិនអស់ឡើយ ដូច្នេះខ្ញុំនឹងប្រឹងជំរុញកូនរហូតដល់រៀនចប់ចុង ចប់ដើម»

ក្នុងឱកាសនោះដែរ លោកស្រីឧកញ៉ា ហេង សុគន្ធា អគ្គនាយិកាសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានថ្លែងថា រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស លើគ្រប់វិស័យប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចំរើនបន្ថែមទៀតសម្រាប់អនាគត។ ដោយមើលឃើញពីសារៈសំខាន់នៃវិស័យនេះ សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានរួមចំណែកក្នុងការអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា សំដៅពង្រឹងបន្ថែមលើចំណេះដឹងទូទៅជាមូលដ្ឋាន ជំនាញភាសាបរទេស បច្ចេកវិទ្យា សុជីវធម៌ក្នុងការរស់នៅ គុណធម៌ កតញ្ញូតាធម៌ និងបណ្តុះគំនិតសិស្សានុសិស្សឱ្យមានចំណេះដឹង មានការគិតពិចារណា មានគំនិតឆ្នៃប្រឌិត មានទំនាក់ទំនងល្អ មានភាពជាអ្នកដឹកនាំ មានការស្វែងរកអ្វីៗដែលថ្មី ការបើកចិត្តគំនិត មានតុល្យភាព ចេះចូលរួមចែករំលែក ដែលនាំឱ្យកុលបុត្រកុលធីតាយើងក្លាយជាពលរដ្ឋ ប្រកបដោយគតិបណ្ឌិតទៅថ្ងៃអនាគត ដែលមិនអាចខ្វះបាន។

លោកស្រីឧកញ្ញ៉ា អគ្គនាយិកាសាលាក៏បានជម្រាបអំពីប្រវត្តិនៃសាលាអាមេរិកាំងហ្គោលឌិនហ្គេតផងដែរថា សាលា បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងបានវិវត្តន៍ខ្លួនជាសាលាចំណេះទូទៅនៅឆ្នាំ២០០៩ ដែលមានកម្មវិធី បង្រៀនថ្នាក់ចំណេះទូទៅភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។

បច្ចុប្បន្ននេះ សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានបើកដំណើរការ សាខាចំនួន៤ គឺសាខាដូនពេញ សាខាទួលគោក សាខាអូរបែកក្អម និងសាខាភ្នំពេញថ្មី។ ម៉្យាងវិញទៀត ដោយទទួលបាន ជំនឿទុកចិត្តពីសំណាក់អ្នកអាណាព្យាបាល សាលាបាន នឹងកំពុងបន្តអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់ និងរឹង ដូចជា សំរាប់ឆ្នាំសិក្សាថ្មីខាងមុខនេះ នឹងដាក់អោយដំណើរ នូវមជ្ឈមណ្ឌលស្រាវជ្រាវ បច្ចេកវិទ្យា ដែលហៅកាត់ថា Stem និងកំពុងសាងសង់ សាលាអាមេរិកាំងហ្គោលឌិនហ្គេត សាខាមានជ័យ មានទីតាំងនៅលើបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ហើយសាខាថ្មីនេះនឹងដាក់ដំណើរការឱ្យប្រើប្រាស់នៅឆ្នាំសិក្សា ២០២៥ ខាងមុខនេះ។

សម្រាប់កម្មវិធីសិក្សាជាតិ សិស្សានុសិស្សបានចូលរួមការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាមួយក្រសួងអប់រំ យុវជន និងកីឡា តាំងពីឆ្នាំ២០១៣ នឹងមានសិស្សានុសិស្សជាច្រើននាក់ ទទួលបាននិទ្ទេស (A) ទៀតផង។ សម្រាប់កម្មវិធីសិក្សាអន្តរជាតិ សាលាមានកម្មវិធីសិក្សាសំខាន់ៗដូចជា កម្មវិធីសិក្សា IB (PYP, MYP និង DP) កម្មវិធីសិក្សាចំណេះទូទៅអាមេរិកាំង និងកម្មវិធីសិក្សាចំណេះទូទៅភាសាចិន ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់មធ្យមសិក្សា។ ជាពិសេសសិស្សានុសិស្សដែលសិក្សានៅ សាលាអាមេរិកាំងហ្គោលឌិនហ្គេត នឹងទទួលបាន ព្រឹត្តិបត្រពិន្ទុ និងសញ្ញាបត្របញ្ជាក់ការសិក្សាពីសាលា Busche Academy នៅសហរដ្ឋអាមេរិក បន្ទាប់ពីពួកគាត់បានបញ្ចប់ ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ។

សាលាបានធ្វើការជ្រើសរើសគ្រូ ដែលមានគរុកោសល្យប្រកបដោយសមត្ថភាព វិជ្ជាជីវៈ និងបទពិសោធន៍បង្រៀនយូរឆ្នាំ និងបានជំរុញលើកកម្ពស់សមត្ថភាព គុណវុឌ្ឍ កិត្តិយស និងសេចក្តីថ្លៃថ្នូរគ្រូបង្រៀន ការបន្តអភិវឌ្ឍន៍កម្មវិធីសិក្សា ការពង្រឹងវិធីសាស្រ្តបង្រៀន និងរៀនតាមនិន្នាការថ្មី ការគ្រប់គ្រងសាលារៀន ការពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងសាលា ជាមួយ អ្នកអាណាព្យាបាល និងបង្កើនការស្រាវជ្រាវឯកសារសិក្សា តាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ លើសពីនេះទៀត សម្រាប់សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ ផ្នែកចំណេះទូទៅភាសាអង់គ្លេស ដែលចេញដោយ សាលាអាមេរិកាំងហ្គោលឌិនហ្គេត មានតម្លៃសមមូលទៅនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយនឹងការអនុវត្តកម្មវិធីសិក្សាខាងលើ សាលាបានរៀបចំកម្មវិធីប្រឡងផ្តល់អាហាររូបករណ៍លើថ្លៃសិក្សាជារៀងរាល់ឆ្នាំ សម្រាប់សិស្សានុសិស្ស មកពីគ្រប់សាលាទូទាំងប្រទេស។ ថ្មីៗនេះផងដែរ សាលាក៏បានផ្តល់អាហាររូបករណ៍បន្ថែមមួយចំនួន លើថ្លៃសិក្សារហូតដល់ថ្នាក់ Diploma Program ជូនដល់គ្រប់ក្រសួង ស្ថានទូត ធនាគារ និងស្ថាប័នផ្សេងៗ៕