(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចេញគាំទ្រយ៉ាងពេញទំហឹងទៅនឹងគម្រោងវិនិយោគសាងសង់រោងចក្រស្ថានីយថាមពលអគ្គីសនី ដែលបានមកពីការដុតកាកសំណល់ (Waste Power Plant) និងស្ថានីយថាមពលអគ្គីសនីដើរដោយថាមពលព្រះអាទិត្យ (Solar Power Plant) និងជឿជាក់ថា គម្រោងទាំងនេះ នឹងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍បៃតង និងកាន់តែស្រស់ស្អាត។
ការគាំទ្រនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង លោករដ្ឋមន្រ្តី ថោង ខុន ជាមួយគណៈប្រតិភូក្រុមហ៊ុន Quadran International នៃសាធារណរដ្ឋបារាំង និងដៃគូរវិនិយោគ គឺក្រុមហ៊ុន Shanghai SUS Environment Co.Ltd ដឹកនាំដោយ លោក Jean-Phillipe HENRY និងលោកស្រី Cindy Li ព្រមទាំងសហការីមួយចំនួន។
ក្នុងនាមក្រសួងទេសចរណ៍ និងជាគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត លោករដ្ឋមន្រ្តីបានជម្រាបជូនពីសារសំខាន់ នៃគោលនយោបាយនៃការអភិវឌ្ឍបៃតងនៅកម្ពុជា សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍បៃតង និងស្អាត ដើម្បីឈានឆ្ពោះទៅសម្រេចបានជោគជ័យរបស់ ទីក្រុងទេសចរណ៍នានារបស់កម្ពុជា នៅក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅឆ្នាំ២០១៨ ខាងមុខ។
លោករដ្ឋមន្រ្តី បានសម្ដែងនូវការជឿជាក់ និងគាំទ្រលើការវិនិយោគរបស់ក្រុមហ៊ុន Quadran និងដៃគូ ហើយក្នុងនាមក្រសូងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត បានគូសបញ្ជាក់ពីជំហរគាំទ្រយ៉ាងពេញទំហឹង លើគម្រោងវិនិយោគដ៏មានសារៈសំខាន់នេះផងដែរ។
លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុនខាងលើ ត្រូវយកចិត្តទុកដាក់បន្តធ្វើការជាមួយបណ្តាក្រសួង ស្ថាប័នបច្ចេកទេសពាក់ព័ន្ធ អាជ្ញាធរដែនដី រួមមានសាលារាជធានីភ្នំពេញ និងសាលាខេត្តសៀមរាប ដើម្បីសម្រេចបាននូវប្រសិទ្ធភាពរបស់គម្រោង នាពេលអនាគត។
សូមជម្រាបថា គម្រោងវិនិយោគទាំង២នេះ រួមមានទី១.រោងចក្រថាមពលអគ្គីសនី ដែលបានមកពីការដុតកាកសំណល់ មានទីតាំងក្នុងរាជធានីភ្នំពេញ មានអានុភាពដំឡើង៣០មេហ្គាវ៉ាត់ ប្រើទុនវិនិយោគប្រមាណ ១៥០លានអឺរ៉ូ និងទី២.រោងចក្រថាមពលអគ្គីសនី ដើរដោយថាមពលព្រះអាទិត្យ ស្ថិតក្នុងខេត្តសៀមរាប ដែលមានអានុភាពដំឡើង ៥៥មេហ្គាវ៉ាត់ ប្រើទុនវិនិយោគគ្រោងប្រមាណ ៨០លានអឺរ៉ូ៕