(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី Hunter Lam តំណាងក្រុមហ៊ុន LEE LI Holdings និងលោក Michael Chan អភិបាលរងក្រុង Markham ប្រទេសកាណាដា ជាមួយលោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកស្រី Hunter Lam បានស្នើសុំការអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនមកធ្វើការសិក្សាលម្អិតប្រព័ន្ធសុខាភិបាល សិក្សាលទ្ធភាព និងពិនិត្យរកឱកាសវិនិយោគលើវិស័យសុខាភិបាល នៅពេលខាងមុខ។

ទន្ទឹមនឹងនោះ លោកស្រីបានស្នើសុំការសហការពីផ្នែកពាក់ព័ន្ធនៃក្រសួងសុខាភិបាល ហើយបន្ទាប់ពីទទួលបានលទ្ធផលសិក្សានេះរួច ក្រុមហ៊ុនរៀបចំផែនការវិនិយោគលើផ្នែកអាទិភាពមួយចំនួន នៃវិស័យសុខាភិបាល។

លោកស្រី Hunter Lam តំណាងក្រុមហ៊ុន LEE LI Holdings បានថ្លែងអំណរដល់លោកសាស្ត្រាចារ្យរដ្ឋលេខាធិការ ដែលបានផ្តល់ឱកាសឱ្យគណៈប្រតិភូរបស់លោកស្រីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅក្នុងឱកាសបំពេញទស្សនកិច្ចសិក្សា ស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ (១) វិស័យឧស្ម័ន និងប្រេង (២) វិស័យសុខាភិបាល (៣) មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ (៤) វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង (៥) វិស័យយានយន្ត។

លោកស្រីបានជម្រាបជូនអង្គប្រជុំថា កន្លងមកក្រុមហ៊ុនរបស់លោកស្រី មានបទពិសោធន៍វិនិយោគលើមន្ទីរពេទ្យឯកជន និងសហការវិនិយោគជាមួយមន្ទីរពេទ្យសាធារណៈរបស់រដ្ឋ លើផ្នែករូបភាពវេជ្ជសាស្ត្រដូចជា CT Scan, MRI, Ultrasound, Mammography, Laboratory equipment។ល។ នៅប្រទេសមួយចំនួនរួចមកហើយ។

ជាការឆ្លើយតប ក្នុងជំនួបពិភាក្សាការងារខាងលើ ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២៤នេះ លោកសាស្ត្រាចារ្យ ឡឹម តារា តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងអំណរគុណ និងបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល គាំទ្រជំនួយពីដៃគូ និងសប្បុរសជន រួមទាំងការវិនិយោគពីផ្នែកឯកជន ដែលរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ជាមួយគ្នានេះ លោកសាស្ដ្រាចារ្យ បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើផែនការអាទិភាពវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសនោះដែរលោកសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូនូវស្ថានភាពទូទៅនៃប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា ក៏ដូចជាលើកឡើងអំពីចំនុចអាទិភាពសុខាភិបាលជាចម្បងចំនួន៩ រួមមាន៖ (១) ការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខភាពពលរដ្ឋកាន់តែប្រសើរឡើង (២) ការប្រយុទ្ធប្រឆាំងជំងឺឆ្លង (៣) ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងជាសកល ដែលជាបញ្ហាសុខភាពសាធារណៈ (៤) ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជា ទឹកនោមផ្អែម មហារីក ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង សរសៃឈាមជាដើម (៥) ទប់ស្កាត់ និងបង្ការជំងឺដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ (៦) ធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍ (៧) លើកកម្ពស់ការថែទាំសុខភាព លើសេវាសាធារណៈ និងសេវាឯកជន (៨) ការបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្សជាពិសេសជំនាញសុខាភិបាល និងទី (៩) អភិវឌ្ឍន៍សុខភាពឌីជីថល(Digital Health) ដែលស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ។

លោកសាស្ត្រាចារ្យក៏បានបញ្ជាក់ជូនគណៈប្រតិភូនូវបេសកកម្មរបស់ក្រសួងសុខាភិបាលក្នុងអណត្តិថ្មីនេះ គឺការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល ចាប់ពីថ្នាក់មណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យជាតិ រួមទាំងផ្នែកឯកជនផងដែរ៕