(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយជាពន់ពេកជាមួយ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង និងលោកជំទាវ ចំពោះមរណភាពរបស់ ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវជាកូនរបស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានទទួលមរណភាព នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង ១១:១១នាទី ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកទុក្ខ និងការស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ឯកឧត្តម ហោ ណាំបូរ៉ា គឺជាការបាត់បង់នូវកូន ស្វាមី និងឪពុក ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប ចំពោះក្រុមគ្រួសារ ជាពិសេស គឺជាការបាត់បង់នូវធនធានមនុស្សមួយរូបដែលពោរពេញដោយឆន្ទៈ មនសិការ ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងបានចូលរួមចំណែកក្នុងការ លើកស្ទួយវិស័យការទូតកម្ពុជា តាមរយៈការបំពេញបេសកកម្មការទូតរបស់ឯកឧត្តម នៅបណ្តាប្រទេស ជាមិត្តជាច្រើន ប្រកបដោយឧត្តមគតិខ្ពស់ និងតម្កល់ផលប្រយោជន៍ជាតិជាចម្បង។

ក្នុងខណៈវេលាដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហោ ណាំបូរ៉ា ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕