(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីកិច្ចពិភាក្សាស្ដីពីសក្តានុពលនៃយន្តការបរធនបាលកិច្ច និងនិន្នាការថ្មីៗនៃសេដ្ឋកិច្ចនិងបច្ចេកវិទ្យា នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចពិភាក្សានេះមានការចូលរួមដោយវាគ្មិនកិត្តិយសដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច, វិស័យអចលនវត្ថុ, វិស័យធនាគារ, វិស័យធុរកិច្ច និងវិស័យច្បាប់ រួមមាន៖ លោក សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច, លោក សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ, លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី, លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគារ ស៊ីអាយអឹមប៊ី ភីអិលស៊ី, និងលោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ និងក្រុមហ៊ុន អាយឌី ឃែភីថល ម.ក។

នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនកិត្តិយស បានធ្វើការចែករំលែកអំពីសក្តានុពលនៃយន្តការបរធនបាលកិច្ច, បទពិសោធន៍ វិធានការ និងផែនការសកម្មភាពចំពោះមុខក្នុងវិស័យអចលនទ្រព្យ និងភាពរឹងមាំរបស់វិស័យធនាគារនៅកម្ពុជា និងការចូលរួមពាក់ព័ន្ធរបស់បរធនបាលកិច្ចក្នុងវិស័យធនាគារ, ការរីកចម្រើននៃវិស័យបច្ចេកវិទ្យា, ក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងបញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗក្នុងការវិនិយោគផងដែរ៕