(សៀមរាប)៖ ចាប់ពីឆ្នាំ២០១៩មក កម្ពុជាបានចាប់ផ្ដើមប្រែក្លាយកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ទៅជាកម្មវិធីជាតិមួយដោយប្រើប្រាស់ថវិកាជាតិ។ កម្មវិធីផ្ដល់អាហារតាមសាលារៀន ជាកម្មវិធីមួយដែលក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំឡើងដើម្បីគាំទ្រដល់សិស្សានុសិស្សដែលរស់នៅក្នុងតំបន់ជួបការលំបាកអាចមានឱកាសបន្តការសិក្សា និងអាចចូលរៀនដូចសិស្សានុសិស្សដទៃទៀតដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមកម្មវិធីផ្ដល់អាហារតាមសាលារៀនពីឆ្នាំ១៩៩៩មក ដោយផ្ដើមពីការអនុវត្តកម្មវិធីផ្ដល់អាហារពេលព្រឹក ក្រោមការឧបត្ថម្ភពីកម្មវិធីស្បៀងអាហារពិភពលោក។ ក្រោយមកបានចាប់ផ្ដើមកម្មវិធីអាហារូបករណ៍ជាស្បៀងនៅឆ្នាំ២០០៤ និងសាកល្បងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍នៅឆ្នាំ២០១៤ ក៏ដូចជាកម្មវិធីផ្ដល់អាហារថ្ងៃត្រង់នៅតាមសាលារៀននៅឆ្នាំ២០១៧។
គិតចាប់ពីឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២៤ កម្មវិធីផ្តល់អាហារតាមសាលារៀន នៅកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១,១១៤សាលា ក្នុងខេត្តចំនួន ១០ ទូទាំងប្រទេស និងមានសិស្សទទួលផលប្រមាណ ៣០០,០០០នាក់ ដែលដំបូងត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិMcGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ កម្មវិធីនេះបានវិវឌ្ឍជាបន្តបន្ទាប់ស្របតាមបរិបទសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការកើនឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទីផ្សារតាមជនបទ និងចរន្ដផលិតកម្មនៅតាមសហគមន៍ជនបទ បានប្រែក្លាយពីកម្មវិធីផ្ដល់អាហារពេលព្រឹកបែបសាមញ្ញ មកជាកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីមួយដែលបានជួយជំរុញកសិករឱ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វ។
លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងអនុវត្តន៍កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅចំនួន ៥៥៣សាលា ក្នុងខេត្តចំនួន ១០រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ក្នុងនោះមានសិស្សទទួលផលចំនួន ១៥៣,៥៨៦នាក់ និងចុងភៅ ១,៥១៨នាក់។
ជាមួយគ្នានេះដែរ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមរូបនេះ បានថ្លែងថា កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងទ្រទ្រង់ការលូតលាស់កាយសម្បទា និងបញ្ញាស្មារតី ក្នុងការទទួលយកការសិក្សា តាមរយៈការផ្ដល់អាហារូបត្ថម្ភដល់កុមារ នៅតំបន់ដែលមានអសន្ដិសុខស្បៀងខ្ពស់ និងកម្រិតការអប់រំទាប ព្រមទាំងរួមចំណែកបង្កើនអត្រាចុះឈ្មោះចូលរៀន និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅបឋមសិក្សាផងដែរ។
ក្នុងឱកាសផ្តល់បបទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានក្នុងពិធីសម្ពោធផ្ទះបាយនៅសាលាបឋមសិក្សាល្វា និងទស្សនកិច្ចទៅកាន់សាលារៀនដែលមានកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤, លោកបណ្ឌិត ចន ណារិទ្ធ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ត្រូវរដ្ឋាភិបាលទទួលយក និងកែប្រែកម្មវិធីនេះឱ្យក្លាយជាកម្មវិធីថ្នាក់ជាតិពេញលេញ ដើម្បីធានាប្រសិទ្ធភាព និរន្តរភាព កម្មវិធីជាតិជំនួយសង្គម។ ក្នុងឆ្នាំ២០២៤ សម្រាប់ត្រីមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤ ដោយបានចំណាយថវិកាចំនួន ៦,៦៣១,៦១១,៤៤២រៀល នៃថវិកាវិភាជសរុបសម្រាប់កម្មវិធីចំនួន ២២,២៤៧,២២៨,០០០រៀល ស្មើនឹង ៥,៥៦១,៨០៧ដុល្លារ»។
លោកបណ្ឌិតបានបញ្ជាក់ថា ជារួមកម្មវិធីផ្ដល់អាហារតាមសាលារៀន បាននឹងកំពុងផ្ដល់អាហារូបត្ថម្ភដល់កុមារគ្រប់អាយុចូលរៀននៅតាមសហគមន៍ នៅតាមគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ដែលកំពុងប្រឈមនឹងអសន្តិសុខស្បៀង។ ក្រៅពីនេះ វាក៏រួមចំណែកជំរុញការចូលរៀនប្រកបដោយសមធម៌ ពង្រឹងប្រសិទ្ធភាពនិងគុណភាពអប់រំ និងបង្កើនការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
«យើងចង់ឱ្យកុមារមានភាពលូតលាស់ មានអាហារូបត្ថម្ភគ្រប់គ្រាន់ពីព្រោះអាហារ ពីព្រោះអាហារដែលយើងយកមកធ្វើម្ហូបនៅតាមសាលានេះ គឺមានការថ្លឹងថ្លែង ពីសារធាតុចិញ្ចឹម ដើម្បីផ្តល់កាលឡូរីគ្រប់គ្រាន់ ទៅដល់សិស្សានុសិស្ស និងដើម្បីបង្កើនសមត្ថភាពស្រូបយកចំណេះដឹង ពីព្រោះពេលគាត់មកពីផ្ទះនៅឃ្លាននៅឡើយអាចរៀនមិនចូល ដូច្នេះទាល់តែកូនសិស្សបានបរិភោគអាហារឆ្អែតនៅពេលព្រឹកផងដែរ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ចន ណារិទ្ធ។
លោកបណ្ឌិត ចន ណារិទ្ធ បានបន្ថែមថា ចាប់តាំងពីចាប់ផ្តើមអនុវត្តន៍កម្មវិធីនេះមក គឺមើលឃើញថាអត្រាចុះឈ្មោះចូលរៀនកើនឡើង ហើយអត្រាបោះបង់ការសិក្សាស្ទើរតែពុំមានសម្រាប់សាលាគោលដៅ ពីព្រោះការមកទទួលការសិក្សា ប៉ុន្តែ ពួកគាត់ត្រូវបានទទួលនូវការលលើកទឹកចិត្តបន្ថែមតាមរយៈការផ្តល់អាហារសម្រាប់បរិភោគ នៅពេលព្រឹកដែលជាផ្នែកមួយកាត់បន្ថយការចំណាយរបស់ក្រុមគ្រួសារជាដើម។
គួរជម្រាបជូនថា កម្មវិធីផ្ដល់អាហារតាមសាលារៀន ជាផ្នែកមួយនៃការលើកកម្ពស់គុណភាពអប់រំ ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ៕