(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តជាផ្លូវការនូវសៀវភៅណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការព្យួរ និងការផ្តល់ឡើងវិញ សុពលភាពវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ។

សេចក្តីណែនាំរបស់អគ្គនាយកពន្ធដារ បានបញ្ជាក់ថា ដើម្បីសម្រួលការអនុវត្តការងារការព្យួរ និងការផ្តល់ឡើងវិញនូវសុពលភាពវិញ្ញាបនបត្រអាករ លើតម្លៃបន្ថែមប្រកបដោយតម្លាភាព ប្រសិទ្ធភាព លើកកម្ពស់អនុលោមភាពសារពើពន្ធ និងក្នុងន័យជួយសម្រួលដល់អ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការព្យួរ និងការផ្តល់ឡើងវិញនូវសុពលភាពវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ។

ម្ចាស់សហគ្រាសទាំងឡាយណា ដែលមានបំណងស្នើសុំការផ្តល់ឡើងវិញ នូវសុពលភាពវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម អាចអនុវត្តតាមសៀវភៅណែនាំ ស្តីពីបែបបទនិងនីតិវិធីនៃការព្យួរ និងការផ្តល់ឡើងវិញនូវសុពលភាពវិញ្ញាបនបត្រអាករ លើតម្លៃបន្ថែម សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ។ (លោក-លោកស្រីអាចទាញយកសៀវភៅណែនាំនេះ តាមរយៈគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ https://www.tax.gov.kh ឬតាមរយៈការស្ទែន QR code នៅខាងក្រោមនេះ)។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹម និងជឿជាក់ថា លោក-លោកស្រីជាអភិបាល បណ្ណាធិការ និងកម្មសិទ្ធិករ សហគ្រាស នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕