(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងរិះគន់ទៅលើទីប្រឹក្សា និងអ្នកផ្តល់យោបល់មួយចំនួនថា ដើរមិនទាន់សភាពការណ៍ ខណៈសភាពការណ៍ដើរដល់សតវត្សរ៍ទី២១ទៅហើយ បែរជាទីប្រឹក្សា និង អ្នកផ្តល់យោបល់ទាំងនោះ ផ្តល់យោបល់ឲ្យធ្វើតាមសភាពការណ៍ ដែលស្ថិតក្នុងទស្សវត្សរ៍ឆ្នាំ៨០ ឬ៩០ទៅវិញ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាជាតិនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចធ្លាប់ជួបមន្រ្តីមួយចំនួន ដែលបានដើរនៅឆ្ងាយពីសភាពការណ៍ ហើយការដើរឆ្ងាយនោះមិនមែនដើរទៅមុខនោះឡើយ គឺដើរនៅក្រោយទៅវិញ។
សម្តេចតេជោ បានលើកជាឧទាហរណ៍ថា មានមន្រ្តី ដែលមានតួនាទីជាអ្នកប្រឹក្សាយោបល់ ឬ មានតួនាទីជាអ្នកផ្តល់យោបល់ ក្នុងក្របខណ្ឌឋានៈនាទីជាទីប្រឹក្សា ឬជំនួយការ ក៏ប៉ុន្តែបែរជាមិនដឹងថា ខ្លួនបានដើរមកដល់ណា ហើយជូនយោបល់ខ្លះនៅក្នុងទស្សវត្សរ៍៨០ មិនត្រូវស្ថានភាពសម្រាប់សតវត្សរ៍ទី២១នេះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អ្នកផ្តល់យោបល់ទាំងនោះ ឲ្យតាមដានសភាពការណ៍វិវឌ្ឍន៍ នៃសភាពការណ៍ ទើបអាចដោះស្រាយនូវបញ្ហាទាន់ពេលវេលា និងមានប្រសិទ្ធភាព។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះ «អ៊ីចឹងហើយបានខ្ញុំទទូចស្នើសុំ មិនមែនគ្រាន់តែនិស្សិតសិស្សប៉ុណ្ណោះទេ ប៉ុន្តែមន្រ្តីរាជការផងដែរ។ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងធ្វើការងាររាល់ថ្ងៃ បើខ្លួនមិនតាមដានសភាពការណ៍វិវឌ្ឍន៍នៃសភាពការណ៍ទេ ខ្លួនពិតជាមិនអាចដោះស្រាយបានត្រឹមត្រូវ និងទាន់ពេល នូវហេតុការណ៍ ដែលវាបានកើតនោះទេ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹក និងដាស់តឿនផងដែរ ទៅដល់និស្សិតគ្រប់កម្រិតទាំងអស់ ឲ្យបន្តខិតខំបង្កើនសមត្ថភាព ដែលការបង្កើនសមត្ថភាពនេះ មិនចាំបាច់ដល់តែចូលសាលាទេ គឺអាចស្រាវជ្រាវតាមសៀវភៅ ឬនៅតាមប្រព័ន្ធអ៉ីនធើណេតក៏បាន៕