(ឧត្តរមានជ័យ)៖ ដើមឈើប្រភេទក្ងោកចំនួន២០០ដើម ត្រូវបានអាជ្ញាធរស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដឹកនាំលោកមេឃុំ មេភូមិ និងកម្លាំងប្រជាការពារ នៃឃុំចំនួន២ ធ្វើការដាំឡើងវិញតាមសង្ខាងផ្លូវជាតិលេខ៦៨ ចាប់ពីព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប រហូតដល់ព្រំប្រទល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក រឹទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ បានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះថា ថ្ងៃនេះលោកបានដឹកនាំលោកមេឃុំចុងកាល់ និងមេឃុំពង្រ ក៏ដូចជាលោកមេភូមិ និងកម្លាំងប្រជាការពារ នៃឃុំទាំង២ ចុះដាំដើមក្ងោកចំនួន២០០ដើម នៅសង្ខាងផ្លូវជាតិលេខ៦៨។

លោកអភិបាលស្រុក បានថ្លែងបញ្ជាក់ឲ្យដឹងទៀតថា ដើមឈើប្រភេទក្ងោកចំនួន២០០ដើម ដែលដាំនៅពេលនេះ គឺជំនួសឲ្យដើមឈើដែលយើង បានដាំកាលពីលើកមុន ហើយត្រូវបានងាប់ ដោយសារកត្តាអាកាសធាតុក្តៅនៅរដូវប្រាំង ក៏ដូចជាត្រូវភ្លើងព្រៃឆេះ។ ហើយការដាំនេះ គឺជាការដាំជួសឡើងវិញ នៅដើមឈើសរុបដែលយើងបានដាំចំនួន៣៥០០ដើម កាលពីឆ្នាំ២០២១។

លោក រឹទ្ធី ប៉ាក់ បានថ្លែងទៀតថា គោលបំណងរបស់រដ្ឋបាលស្រុកចុងកាល់ គឺថែរក្សាដើមឈើទាំង៣៥០០ដើមឱ្យរស់ទាំងអស់ ប៉ុន្តែបើសិនដើមឈើមានការខូចខាតនៅកន្លែងណា គឺយើងនឹងដាំជួសឡើងវិញ។

លោកក៏បានថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្ត ដែលបានផ្តល់កូនឈើប្រភេទក្ងោកមករដ្ឋបាលស្រុកចុងកាល់ ហើយលោកអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅ តាមដងផ្លូវជាតិលេខ៦៨ សូមចូលរួមថែរក្សាដើមឈើដែលបានដាំហើយឱ្យបានល្អ ដើម្បីជាម្លប់ដល់អ្នកដំណើរ ក៏ដូចជាលើកសោភ័ណ្ឌភាពតាមដងផ្លូវនៃស្រុករបស់យើង៕