(ក្រចេះ)៖ លោក វ៉ា ថន អភិបាល ខេត្តក្រចេះ បានក្រើនរំលឹកផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចេះស្រលាញ់ព្រៃឈើ ហើយរួបរួមគ្នាដាំដើម ឈើឡើងវិញឲ្យបានច្រើន ទោះជាប្រភេទឈើហូបផ្លែ ឬក៏ឈើមិនហូបផ្លែក្តី ពីព្រោះដើម ឈើជាអាវុធប្រឆាំង នឹងគ្រោះធម្មជាតិជាច្រើន។

ការរំលឹកផ្ដាំផ្ញើនេះ ធ្វើឡើងនៅក្នុងឱកាសការដាំកូនឈើធ្នង់ ក្រញូងនិងបេងចំនួន៤៥០ដើម នៅទីតាំងសាលាបឋម សិក្សាល្អ ស្ថិតក្នុងភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៤នេះ។

លោក វ៉ា ថន បានថ្លែងថា បុណ្យរុក្ខទិវា ៩កក្កដា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់ តាំងពីប្រទេសជាតិ មានសុខសន្តិភាពចាប់ពីអំឡុង ឆ្នាំ១៩៩៣មក យើងតែងតែបានរៀបចំប្រារព្ធបុណ្យរុក្ខទិវា ដាំដើមឈើរហូត មកដល់បច្ចុប្បន្ន ។

លោកអភិបាលបញ្ជាក់ថា សារៈសំខាន់នៃការដាំដើមឈើ វាបានផ្ដល់ជាម្លប់សម្រាប់ជ្រក កោន ជាផ្កា ជាផ្លែផង ហើយក៏ជាធនធានធម្មជាតិ ដ៏មានសារៈសំខាន់នៅលើផែនដី ពីព្រោះដើមឈើជាអាវុធប្រឆាំង នឹងគ្រោះធម្មជាតិជាច្រើន។

លោក វ៉ា ថន បានស្នើឲ្យមានចូលរួមដាំដើមឈើយ៉ាងតិច ក៏១ដើមក្នុងមនុស្សម្នាក់ នៅតាមទីតាំងណាដែលអាចដាំបាន ក្នុងនោះលោកអំពាវនាវ ឲ្យពលរដ្ឋត្រូវណែនាំអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងល្បែងល្បែងស៊ីសង់គ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគត។

លោកក៏បានផ្ដល់ជូនថវិកាមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រជាការពារភូមិ និងថវិកាមួយចំនួន សម្រាប់ទិញបង់ដាក់ឲ្យសិស្សានុសិស្សអង្គុយលេង ក្នុងសាលាបឋមសិក្សានោះផងដែរ៕