(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខ ផ្ញើជូនកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង និងភរិយា បន្ទាប់ពីពីបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋ ឥណ្ឌូនេស៊ី ដែលត្រូវជាកូនរបស់កិត្តិបរិរក្ស ហោ ណាំហុង បានទទួលមរណភាព នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងសារលិខិតរំលែកទុក្ខបានសរសរថា «ខ្ញុំ និងភរិយា មានសេចក្តីតក់ស្លុត និងរំជួលចិត្តយ៉ាងខ្លាំងបំផុតក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ ឥណ្ឌូនេស៊ី ដែលត្រូវជាកូនរបស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានទទួលមរណភាព នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង ១១:១១នាទី ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ឯកឧត្តម ហោ ណាំបូរ៉ា គឺជាការបាត់បង់នូវកូន ស្វាមី និងឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប ចំពោះក្រុមគ្រួសារ ជាពិសេស គឺជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការ
ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងបានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យការទូតកម្ពុជា តាមរយៈការបំពេញបេសកកម្មការទូតរបស់ឯកឧត្តម នៅបណ្តាប្រទេសជាមិត្តជាច្រើន ប្រកបដោយឧត្តមគតិខ្ពស់ ដោយតម្កល់ផលប្រយោជន៍ជាតិជាចម្បង។

ក្នុងខណៈវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ហោ ណាំបូរ៉ា ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា»៕