(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ, លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងលោក សោម សឿន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ។

ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ លោក លោកស្រី គណៈកម្មាធិការខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រមាណ៦០០នាក់ នៅសាលប្រជុំក្នុងមន្ទីរគណបក្សខេត្ត។

ជាកិច្ចចាប់ផ្តើម លោកក វុី សំណាង បានធ្វើការស្វាគមន៍ និងថ្លែងរាយការណ៍អំពីសមិទ្ធផលនានាដែលខេត្តកំពង់ស្ពឺទទួលបានជូនអង្គពិធីទាំងមូល។ នាឱកាសនោះ តាមរយៈការអានសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ដោយលោក សោម សឿន រួចមកលោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ជំនួសលោក វុី សំណាង ដែលត្រូវផ្ទេរទៅជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ។ បន្ទាប់ពីនោះ លោក ជាម ច័ន្ទសោភ័ណ្ឌ ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ស្ពឺ (តែងតាំងថ្មី) ក៏បានឡើងថ្លែងនូវចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តផងដែរ។

ថ្លែងទៅកាន់អង្គពិធីលោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក វ៉ី សំណាង ដែលតែងតែរួមសហការគ្នាបានយ៉ាងល្អ ជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តគ្រប់ថ្នាក់ សម្រេចបាននូវសមិទ្ធផល និងស្នាដៃជាច្រើនសម្រាប់ខេត្តកំពង់ស្ពឺ ជាពិសេសបានជួយឲ្យគណបក្សប្រជាជនកម្ពុជាទទួលជ័យជម្នះលើការបោះឆ្នោតជាបន្តបន្ទាប់ទាំងការបោះឆ្នោតសកល និងបោះឆ្នោតអសកលនាពេលកន្លងមក។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានសម្តែងការស្វាគមន៍ និងអបអរសាទរ ចំពោះលោក ជាម ច័ន្ទសោភ័ណ ដែលត្រូវបានទទួលស្គាល់ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺថ្មីផងដែរ។