(សៀមរាប)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បាន​បង្ហាញពីសារៈសំខាន់នៃការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​ ទៅជា​កម្មវិធី​ជាតិ​មួយ​ដោយ​ប្រើប្រាស់​ថវិកាជាតិ។

នៅក្នុងឱកាសទស្សនកិច្ចទៅកាន់សាលារៀនដែលមានកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងសម្ពោធផ្ទះបាយនៅសាលាបឋមសិក្សាល្វា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤, លោកបណ្ឌិត ចន ណារិទ្ធ បានឱ្យដឹងថា កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៤នេះ បានទៅដល់គោលដៅចំនួន៥៥៣សាលារៀន ដោយមានសិស្សសាលាកម្រិតបឋមសិក្សា ជាអ្នកទទួលផលចំនួន ១៥៣,៥៨៦នាក់។

កម្មវិធីផ្តល់អាហារតាមសាលារៀន បានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើម៦៤សាលា មានអ្នកទទួលផល ៣៧៥០០នាក់ ចាប់តាំងពីឆ្នាំ១៩៩៩មក។ កម្មវិធីនេះដំបូងឡើយ ត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។

កម្មវិធីនេះបានវិវត្តជាបន្តបន្ទាប់ស្របតាមបរិបទសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការកើនឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទីផ្សារតាមជនបទ និងចរន្ដផលិតកម្មនៅតាមសហគមន៍ជនបទ បានប្រែក្លាយពីកម្មវិធីផ្ដល់អាហារពេលព្រឹកបែបសាមញ្ញ មកជាកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីមួយដែលបានជួយជំរុញកសិករឱ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វ៕

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ពីសារៈសំខាន់នៃកម្មវិធីផ្ដល់អាហារតាមសាលារៀននេះ សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត ចន ណារិទ្ធ ដូចខាងក្រោម៖