(ព្រៃវែង)៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរងការបំផ្លាញដោយសារសត្វរុយស និងចាត់វិធានការបាញ់ថ្នាំអន្តរាគមន៍ជូនកសិករ នៅក្នុងភូមិព្រៃខ្មៅ ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ដំណើរចុះត្រួតពិនិត្យនេះ មានការអញ្ជើញចូលរួមពី លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការ, លោក ចាន់រ៉ាន់ អភិបាលរងខេត្ត តំណាងរបស់លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងលោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ និងសហការី ព្រមទាំងមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង មន្រ្តីកសិកម្មស្រុក មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត។

លទ្ធផលនៃការចុះពិនិត្យបង្ហាញថា នៅក្នុងតំបន់នេះ ដំណាំស្រូវចំនួន ៣៩ហិកតា បានរងផលប៉ះពាល់ ហើយក្រុមការងារបានអន្តរាគមន៍បាញ់ថ្នាំដោយប្រើប្រាស់ដ្រូនចំនួន២គ្រឿង បានចំនួន១២ហិកតា ហើយអាជ្ញាធរមូលដ្ឋានក៏បាននឹងកំពុងបន្តអន្តរាគមន៍ ដើម្បីជួយសង្គ្រោះជាបន្តបន្ទាប់ទៀតផងដែរ។

ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសក៏បានជម្រាបជូនដល់ប្រជាកសិករ និងមន្ត្រីកសិកម្មឃុំអំពីវិធានការនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាព និងបានចែកជូនឯសារបច្ចេកទេសអំពីរុយសលើដំណាំស្រូវជូនប្រជាកសិករផងដែរ។

បន្ថែមពីនេះ លោក ហាស់ សារ៉េត បានបន្តដឹកនាំកិច្ចប្រជុំជាមួយលោកមេឃុំទាំង១៣ឃុំ នៃស្រុកកំពង់ត្របែក និងមន្ត្រីកសិកម្មឃុំឱ្យចុះតាមដានជាប្រចាំ និងរាយការណ៍ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងស្នើឱ្យក្រុមការងារចុះជួយមូលដ្ឋានស្រុក ជួយអន្តរាគមន៍កម្ចាត់សត្វរុយសនេះ ឱ្យបានទាន់ពេលវេលាសំដៅកាត់បន្ថយការបាត់បង់ផលស្រូវរបស់ប្រជាកសិករ៕