(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) និងគណៈប្រតិភូនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់គណៈប្រធានវិទ្យាស្ថាន ERIA អំពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីៈ និងបច្ចេកទេសដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវផែនការថ្នាក់ជាតិក្នុងការបំពាក់បំប៉នជំនាញដល់យុវជន និងប្រជាពលរដ្ឋឱ្យមានជំនាញច្បាស់លាស់ដើម្បីបម្រើទៅតាមតម្រូវការទីផ្សារដែលជាគន្លឹះក្នុងការបន្តទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានចែករំលែកដល់សមភាគីស្តីពីចក្ខុវិស័យនៃផែនការ៥ឆ្នាំរបស់ក្រសួងជាពិសេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាផែនការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ជំនាញដល់ប្រជាពលរដ្ឋខ្មែរ និងក្រុមយុវជន។

ទន្ទឹមនឹងនេះ លោក Tetsuya Watanabe បានទទួលស្គាល់ពីតួនាទីយ៉ាងសំខាន់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការបណ្តុះបណ្តាលជំនាញយល់យុវជន និងប្រជាពលរដ្ឋដែលជាកម្លាំងដ៏សំខាន់ក្នុងទីផ្សារការងារ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលជាគន្លឹះមួយដ៏សំខាន់ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ាជួយជំរុញនិងផ្សព្វផ្សាយឱ្យអ្នកវិនិយោគក្នុងតំបន់និងអន្តរជាតិងាកមកចាប់អារម្មណ៍នៅកម្ពុជាដែលកំពុងមានសក្តានុពលលើកកម្លាំងពលកម្មនិងភាពអនុគ្រោះជាច្រើន៕