(ភ្នំពេញ)៖ សពកុមារា សន វណ្ណា អាយុ១៣ឆ្នាំ ដែលរងគ្រោះដោយការឆក់ខ្សែភ្លើង ដែលគេតជាប់រ៉ឺម៉កលក់បន្លែ ការពារខ្លាចចោរលួចនោះ ត្រូវបានបូជារួចរាល់ហើយ នៅក្នុងឈាបនដ្ឋានវត្តតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នាវេលាល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ។

ដោយព្រះគ្រូបរិត្តកោសល វ៉ន វន ហៅលោកតាប៉ាក ព្រះចៅអធិការវត្តនេះ ជាអ្នកទទួលរ៉ាប់រងចំណាយក្នុងការបូជាទាំងស្រុង ក្រៅពីនេះលោក សក់ កាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ។ ក្រុមអ្នកស៊ើបអង្កេតបទល្មើសឃាតកម្មនៅកម្ពុជា រួមជាមួយអាជ្ញាធរសង្កាត់សំរោងក្រោម ក៏បានជួយឧត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគដល់ក្រុមគ្រួសារសពកុមារានោះផងដែរ ។

លោក ហៃ សុឃីម ចៅសង្កាត់សំរោងក្រោម បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ដោយសារតែមើលឃើញពីការលំបាកខ្វះខាត របស់ក្រុមគ្រួសារសពកុមារា សន វណ្ណា ដែលរងគ្រោះ ដោយការឆក់ខ្សែភ្លើងនោះ។ ព្រះគ្រូបរិត្តកោសល វ៉ន វន ហៅលោកតាប៉ាក ព្រះគ្រូចៅអធិការវត្តតិក្ខបញ្ញោ បានមានទឹកព្រះទ័យអាណិតអាសូរ ព្រះអង្គ ក៏បានជួយឧបត្ថម្ភក្ដារមឈូស១តម្លៃ៣៥ម៉ឺនរៀល អង្ករ១បាវ ទឹកសុទ្ធ និងរ៉ាប់រងក្នុងបូជាសពទាំងស្រុងតែម្ដង។

លោកចៅសង្កាត់រូបនោះ បានប្រាប់ឲ្យដឹងបន្តទៀត ក្នុងនោះដែរលោកសក់ កាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឧបត្ថម្ភដល់គ្រួសារសពចំនួន១០០ដុល្លារ តាមរយៈរូបលោកផ្ទាល់ ។ ដោយឡែកក្រុមអ្នកស៊ើបអង្កេតបទល្មើសឃាតកម្មនៅកម្ពុជាក្រោយពីការវេចខ្ចប់សាកសពរួច ក៏បានជួយឧបត្ថម្ភថវិកាចំនួន១០០ដុល្លារជូនដល់ក្រុមគ្រួសារសព ។ រីសាលាសង្កាត់សំរោងក្រោមរបស់លោក ក្នុងមានអាជ្ញាធរមូលដ្ឋាន ក៏បានឧបត្ថម្ភនូវអង្ករ ទឹកសុទ្ធ ព្រមទាំងថវិកាចំនួន១០ម៉ឺនរៀលផងដែរ។

សូមជម្រាបថា ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមមខណ្ឌពោធិ៍សែនជ័យ ។ ហើយរហូតដល់វេលាម៉ោង១១យប់ថ្ងៃដដែលនោះទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យទីតាំងកើតហេតុ ក្រោយពីឆែកកាមេរ៉ាឃើញសកម្មភាពដូចការរៀបរាប់ខាងលើនោះ ។

តាមការរៀបរាប់ពីម្តាយជនរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កូនប្រុសគាត់បានដេកនៅក្នុងឃ្លាំងមួយនៅជិតនោះ ហើយក្រោយមកក៏បានបាត់ខ្លួនរហូតមិនឃើញទៅផ្ទះ បន្ទាប់មកគាត់ និងក្រុមគ្រួសារបាននាំគ្នាតាមរកគ្រប់កន្លែង ប៉ុន្តែមិនបានឃើញនោះទេ។ លុះដល់រហូតដល់វេលាយប់វេលាយប់ថ្ងៃទី០១ ខែកក្កដា បានឆែកកាមេរ៉អ្នកជិតខាងមើល ស្រាប់តែឃើញកូនប្រុសគាត់ចេញមកនោម នៅម៉ោងប្រហែលជាង១២យប់ ហើយពេលឈរនោមនោះបានតោង ម៉ូតូរ៉ឺម៉កកង់បីដឹកបន្លែ១គ្រឿងហើយក៏បានដួលលើដី។

ស្រ្តីរូបនោះបាននិយាយទៀតថា ពេលនោះទើបដឹងថា កូនប្រុសគាត់ត្រូវចរន្តអគ្គិសនីឆក់ដែលម្ចាស់រ៉ឺម៉កនោះតការពាររ៉ឺម៉កឆក់បណ្ដាលឲ្យស្លាប់ ហើយរហូតដល់វេលាម៉ោងប្រហែលជាង៤ភ្លឺបានឃើញម្ចាស់កង់បី បានអូសសពកូបប្រុសគាត់យកទៅលាក់ទុកក្បែរបង្គោលភ្លើង។

បន្ទាប់មកទៀតយកទៅទុកក្រោយផ្ទះ រួចលើកសពដាក់ម៉ូតូកង់បីបើកម៉ូតូកង់បីបើកចេញគេចខ្លួនទៅបាត់រហូត។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍បែបនេះម្ដាយក្មេងប្រុសរងគ្រោះបានដាក់ពាក្យប្ដឹង ហើយនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងកងរាជអាវុធហត្ថខណ្ឌ បានចុះធ្វើការស្រាវជ្រាវទាំងយប់ កំណត់បានមុខសញ្ញាបាននិងបានតាមចាប់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែទំបំផុតជនសង្ស័យបានចូលខ្លួនសារភាពដោយខ្លួនឯងបែបនេះ៕