(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការហាមឃាត់នាំចូល ផ្គុំ ចែកចាយ កាន់កាប់ ដំឡើង ឬប្រើប្រាស់ឧបករណ៍ Fake BTS ខុសច្បាប់។

កន្លងមក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងលេខ ៣៥៣ បទ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការបង្ក្រាប ការដំឡើង និងការប្រើឧបករណ៍ Fake BTS សម្រាប់ផ្ញើសារខ្លី (SMS) ផ្សព្វផ្សាយអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត ដែលជាសកម្មភាពបង្កការរំខានដល់អ្នកប្រើប្រាស់ និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពសេវាទូរគមនាគមន៍ ឯកជនភាព និងសុវត្ថិភាពទិន្នន័យ ព្រមទាំងសណ្តាប់ធ្នាប់សង្គមនិងសន្តិសុខជាតិ។ យ៉ាងណាមិញ បើទោះបីជាមានការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ក៏ជនទុច្ចរិតមួយចំនួនផ្សេងទៀតនៅតែបន្តសកម្មភាពល្មើសច្បាប់ក្នុងការដំឡើងនិងប្រើប្រាស់ឧបករណ៍ Fake BTS ទាំងនេះ។

ហេតុដូច្នេះ ដើម្បីការពារអ្នកប្រើប្រាស់ រក្សាសណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ជាក់ថា បុគ្គលទាំងឡាយមិនត្រូវនាំចូល ផ្គុំ ចែកចាយ កាន់កាប់ ដំឡើង ឬប្រើប្រាស់ឧបករណ៍ Fake BTS ជាពិសេសគឺមិនត្រូវបើកមើល ឬឆ្លើយតប សារខ្លី (SMS) ឬសារតាមប្រព័ន្ធតេឡេក្រាម ឬបណ្តាញសង្គមផ្សេងៗអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត និងមិនត្រូវចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់នោះទេ ដើម្បីជៀសវាងទទួលរងផលប៉ះពាល់នានា។

ប្រសិនបើសាធារណជនបានដឹងអំពីករណីនៃការនាំចូល ការផ្គុំ ការចែកចាយ ការកាន់កាប់ ការដំឡើង ឬការប្រើប្រាស់ឧបករណ៍ Fake BTS សូមរាយការណ៍មកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ដោយ ន.ទ.ក. នឹងរក្សាការសម្ងាត់ជូន៕