(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រលើ គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងរួមចំណែកក្នុង ការអនុវត្តវិធាន ការឆ្លើយតបទៅនឹងសភាពការណ៍ ធ្លាក់ចុះតម្លៃកសិផល ជាពិសេសស្រូវ-អង្ករ នាពេលបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីពិភាក្សាអំពីស្ថានភាព និងសែ្វងរកដំណោះសមស្របជូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ពីការធ្លាក់ ចុះនៃតម្លៃកសិផល។
ជារួមគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុបានតាមដាន ការផ្តល់ឥណទានទៅវិស័យកសិកម្ម យ៉ាងយកចិត្តទុកដាក់ ហើយគ្រឹះស្ថានបាននិងកំពុង ចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ ការអភិវឌ្ឍវិស័យនេះ ជាពិសេស ស្រូវ-អង្ករ តាមរយៈការផ្តល់ឥណទាន ដល់រោងម៉ាស៊ីនកិនស្រូវ និងប្រជាកសិករ ។
ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យវិស័យធនាគារ ធនាគារជាតិនៃកម្ពុជាបានស្នើឲ្យ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិចារណាទៅលើចំណុចដូចខាងក្រោម៖
១. ស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ បន្តនិងពង្រីកឥណទានដល់វិស័យកសិកម្ម ជាពិសេសលើផ្នែកស្រូវ-អង្ករ ក្នុងអត្រាការប្រាក់សមរម្យ
២. ស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ពិចារណាបន្ធូរបន្ថយលើល័ក្ខខ័ណ្ឌសងឥណទាន ចំពោះអតិថិជនដែលកំពុងប្រឈមនឹងបញ្ហាខាងលើ
៣. ស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់បន្តតាមដាន និងប្រាស្រ័យទាក់ទងជាមួយអតិថជន ដែលរងផលប៉ះពាល់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និង
៤. ស្នើឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា បន្តអនុវត្តយន្តការកិច្ចការពារអតិថិជន ស្រប តាមបទដ្ឋានអន្តរជាតិ ។
ជាការឆ្លើយតបសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានទទួលយកសំណើទាំងនេះ ដើម្បីផ្សព្វផ្សាយដល់សមាជិកសមាគមដែលជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្រាប់យកទៅអនុវត្ត៕