(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា និស្សិតម្នាក់តំណាងអោយជាតិកម្ពុជា នៅពេលចេញទៅបន្តការសិក្សានៅក្រៅប្រទេសមានន័យថា ជានិស្សិតបាននាំយកទៅជាមួយ អត្តសញ្ញាណជាតិ រួមជាមួយប្រពៃណី ទំនៀបទម្លាប់ជាតិខ្មែរ អោយជនបរទេសបានដឹងបានស្គាល់ការពិតពីកម្ពុជាកាន់តែច្បាស់បន្ថែមទៀត។

លោកបន្តថា ក្រៅពីការទទួលបានចំណេះដឹង ជំនាញពីក្រៅប្រទេស តែនិស្សិតខ្មែរទាំងអស់ ជាអ្នកផ្សព្វផ្សាយនូវវប្បធម៍ ប្រពៃណី ទំនៀមទំលាប់ សាសនា និងសមិទ្ធិផលជាក់ស្តែងដែលកើតមានឡើងនៅប្រទេសរបស់ខ្លួន អោយជាតិសាសន៍ដ៏ទៃទៀតបានដឹង។ សូមកុំសួរថាតើជាតិបានជួយយើងអ្វីខ្លះ? តែត្រូវសួរថាតើយើងបានជួយជាតិរបស់ខ្លួននូវអ្វីខ្លះ? នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួល ជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (IDS-២០២៣) ចំនួន២៥រូប នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដែលបានអញ្ជើញចូលជួប សម្តែងគារវកិច្ច និងទទួលយកអនុសាសន៍ណែនាំពីលោករដ្ឋមន្ត្រី មុននឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តាំផ្ញើដល់និស្សិតចេញទៅបន្តការសិក្សានៅក្រៅប្រទេស សូមកុំភ្លេចជាតិរបស់ខ្លួន គ្មានអ្វីដែលល្អជាងជាតិខ្លួនឯងនោះទេ ហើយត្រូវមានសាមគ្គីភាព ជួយថែរក្សាយកអាសារគ្នាជាបងជាប្អូនទៅវិញទៅមក ទោះបីរៀននៅសកលវិទ្យាល័យផ្សេងគ្នាក៏ដោយ តែយើងជាជាតិសាសន៍ខ្មែរតែមួយ ពិសេសប្រឹងប្រែងសិក្សារៀនសូត្រទទួលនូវចំណេះដឹងជំនាញ ដើម្បីយកនូវមកបំរើជាតិរបស់ខ្លួនវិញអោយបានកាន់តែរីកចំរើន។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា និស្សិតទាំងអស់ដែលត្រូវចេញទៅបន្តការសិក្សានៅក្រៅប្រទេសគឺជាធនធានមនុស្សដ៏សំខាន់ និងជាអ្នកបន្តវេន ក្នុងការដឹកនាំក្រសួង ស្ថាប័ន និងប្រទេសជាតិ ពិសេសការរក្សា និងការពារសុខសន្តិភាពអោយបានល្អ រឹងមាំជារៀងរហូត។

យុវជនជានិស្សិតទាំងអស់ដែលជាអ្នកបន្តវេន សូមកុំបំផ្លាញនូវអ្វីដែលជាសមិទ្ធិផលរបស់អ្នកចាស់ខិតខំកសាង និងរក្សាបាននាពេលបច្ចុប្បន្ននេះ «រក្សាចាស់ បង្កើតថ្មី»។ លោកបានលើកឡើងពីដំណើរជីវិតជាអ្នកសិក្សា គឺជារឿងធម្មតា តែបើឆ្លុះបញ្ចាំងពីអ្នកនៅជុំវិញខ្លួនវិញ ពិសេសឪពុក ម្តាយ អាព្យាបាល គឺពោរពេញទៅដោយមោទនភាព និងការសប្បាយរីករាយប្រកបដោយក្តីសង្ឃឹមថា កូន ចៅរបស់ខ្លួននឹងរៀនរស់ដោយខ្លួនឯង មានការងារធ្វើល្អ មានប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត និងក្រុមគ្រួសារ។ និស្សិតទាំងអស់ត្រូវពង្រឹងសមត្ថភាព ចំណេះវិជ្ជា ចំណេះជំនាញអោយច្បាស់លាស់ ត្រូវមានភាពស្មោះត្រង់ ជំនឿទុកចិត្ត និងការអំណត់ព្យាយាមក្នុងការសិក្សារផនសូត្រ។ ជាមួយគ្នានេះដែរត្រូវថែរក្សាសុខភាពអោយបានល្អ ពង្រឹង សាមគ្គីភាព ក្នុងនាមជាតិសាសន៍តែមួយ រក្សាក្តេរ៍ឈ្មោះ និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

នៅក្នុងឱកាសនោះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើការចែករំលែកបទពិសោធន៍ខ្លះៗពាក់ពន្ធ័ការសិក្សាស្រាវជ្រាវ និងបរិបទបែបណាខ្លះថាតើត្រូវធ្វើអ្វី នៅពេលបញ្ចប់ការសិក្សា ដើម្បីចូលរួមកសាងប្រទេសជាតិឲ្យ បានកាន់តែរីកចំរើន។

លោកបានធ្វើការរំលឹកពីប្រវត្តិសាស្រ្តដែល ប្រទេសកម្ពុជាបានឆ្លងកាត់ជាច្រើនដំណាក់កាលតាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសមានសុខសន្តិភាព។ បើពិនិត្យមើលលើធនធានមនុស្សរបស់កម្ពុជាកាលពីឆ្នាំ១៩៧៩ ស្ថានភាពកាលនោះគឺអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកអត់ចេះ គឺពិតជាលំបាក។ ដំណាក់កាលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គឺជាដំណាក់កាលពង្រឹងខ្លួន កសាងធនធានមនុស្ស ដោយធ្វើយ៉ាងមិចអោយមានអ្នកចេះដឹងច្រើន។

ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ជាដំណកាលនៃការពង្រីកនៃការអភិវឌ្ឈធនធានមនុស្ស។ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ គឺជាដំណាក់កាលនៃការពង្រឹងបរិមាណ និងគុណភាព ដែលនិយាយពីមូលធុនមនុស្ស សំដៅលើមនុស្ស ដែលជាធនធាន មានចំណេះដឹង មានសមត្ថភាព ស្នាដៃ និងសុខភាព។ ដូច្នេះបើពិនិត្យជារួម ក្នុងដំណើររយៈពេលជាង៤០ឆ្នាំនេះ គឺកម្ពុជាបានកសាងប្រទេសចាប់តាំងពីបាតដៃទទេ ព្រោះអ្នកចេះដឹងដែលមាននៅមុនឆ្នាំ១៩៧៩ ត្រូវបានខ្មែរក្រហមសំលាប់ចោល។ ដោយការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំប្រទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ បានកសាងធនធានមនុស្សបានយ៉ាងច្រើនប្រកប ដោយសមត្ថភាព និងគុណភាពខ្ពស់ ហើយ សម្រាប់និស្សិតទាំងអស់ដែលត្រូវទៅបន្តការសិក្សានៅក្រៅប្រទេសគឺជាធនធានមនុស្សដ៏សំខាន់ដែលត្រូវត្រឡប់មកជួយប្រទេសជាតិខ្លួនវិញ។

ដូចនេះត្រូវប្រើប្រាស់ពេលវេលាអោយបានច្រើន សិក្សាដកស្រង់បទពិសោធន៍ពីប្រទេសគេក្នុងកិច្ចការងារ ទ្រឹស្តីជារឿងមួយ ប៉ុន្តែបទពិសោធន៍ជាផ្នែកមួយដ៏សំខាន់ ដែលអាចយកមកអនុវត្តន៍ការងារបានលឿន និងមានប្រសិទ្ធិភាព។ នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តោតសំខាន់លើមូលធនមនុស្ស ដោយធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ ពង្រឹងប្រសិទ្ធិភាពស្ថាប័ន ការជ្រើសមន្រ្តីប្រកបដោយគុណាធិបតេយ្យ យកមកបំពេញកិច្ចការងារ និងមានប្រពន្ធ័លើកទឹកចិត្តដល់មន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាព ចំណេះដឹង ជំនាញ និងប្រសិទ្ធផលការងារខ្ពស់ ។បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតជ័យលាភីអាហាររូបករណ៍ ទាំងអស់នឹងត្រូវត្រលប់មកបម្រើជាតិមាតុភូមិ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជាស្របតាមយុទ្ធសាស្រ្តបច្ចកោណ និងសក្តានុពលជំនាញរៀងៗខ្លួន។

កញ្ញា ស៊ឹម សុខចំរើន ប្រធាននិស្សិតជ័យលាភីអាហារូបករណ៍ JDS ឆ្នាំ២០២៣ បានជម្រាបជូនថា ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស របស់រាជរដ្ឋាភិបាលជប៉ុន (JDS-២០២៣) ដែលមានសមាសភាពមកពីបណ្តាក្រសួង ស្ថាប័នសាធារណៈ នឹងចេញទៅ បន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានា នៃប្រទេសជប៉ុន នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

កម្មវិធីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធាន មនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (JDS-២០២៣) គឺជាផ្នែកមួយនៃជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន ដែលផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងនាមជាមន្ត្រីរាជការជារៀងរាល់ឆ្នាំ ក្នុងការបន្តការ សិក្សា កសាងសមត្ថភាព និងជំនាញបន្ថែម ដើម្បីបម្រើដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ក្នុងពេលបច្ចុប្បន្នជាពិសេសនាពេលអនាគតឱ្យបានកាន់តែប្រសើរប្រកបដោយចំណេះជំនាញ និងបទពិសោធន៍យ៉ាងពិតប្រាកដ។ ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តី នេត្រ ភក្ត្រា បាន ជូនថវិកាលើកទឹកចិត្តដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (IDS-២០២៣) ចំនួន ២៥រូប ផងដែរ៕