(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Anna Wellenstein នាយិកាប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកទទួលបន្ទុកកិច្ចការអភិវឌ្ឍប្រកបដោយចីរភាពរបស់ធនាគារពិភពលោក ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធនាគារពិភពលោក លោកស្រី Anna Wellenstein នាយិកាប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកទទួលបន្ទុកកិច្ចការអភិវឌ្ឍប្រកបដោយចីរភាពរបស់ធនាគារពិភពលោក ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាអំពីបញ្ហាប្រឈម និងការងារអាទិភាពលើវិស័យធនធានទឹក គម្រោងសន្ដិសុខទឹក និងបញ្ហាប្រឈមដែលកើតឡើងនៅក្នុងបឹង​ទន្លេសាប។

លោករដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូធនាគារពិភពលោកថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំប្រកបដោយភាពមោះមុត ស្វាហាប់ មានយុទ្ធសាស្ត្រច្បាស់លាស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តអភិវឌ្ឍន៍ និងពង្រឹងវិស័យជលសាស្រ្ត និងឧតុនិយម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារពិភពលោក ក្នុងការកសាង និងការអភិវឌ្ឍធនធានទឹករយៈពេលវែងនៅកម្ពុជា។

តំណាងគណៈប្រតិភូ លោកស្រី Anna Wellenstein បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារពិភពលោក (WB) បានជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីបញ្ហាទឹក និងអាទិភាពនៃការអភិវឌ្ឍ ព្រមទាំងបញ្ហាប្រឈមរបស់ប្រទេសកម្ពុជាក្នុងវិស័យធនធានទឹក ក៏ដូចជាបន្តកិច្ចសន្ទនាលើបញ្ហាសន្តិសុខទឹក និងអាងទន្លេសាប ដែលត្រូវបានពិភាក្សាក្នុងវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះ តំណាងធនាគារពិភពលោកក៏បានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។

សូមបញ្ជាក់ថា ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសអនុម័តការវិនិយោគថ្មីមួយលើគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា ដែលរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១១៣ ០០០នាក់។ ការវិនិយោគនេះគឺក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក ក្នុងគោលបំណងធ្វើឱ្យសន្តិសុខទឹកនៅប្រទេសកម្ពុជាកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ។ គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តចំនួន៤ គឺខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ៕