(កំពត)៖ គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ គិតចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ សម្រេចបាន៩៥,៣៨%ហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ។

លោក ផន​ រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នាល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះទៀតថា បើគ្មានការប្រែប្រួលទេគម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។

លោក ផន​ រីម បញ្ជាក់ទៀតថា ជាសក្ខីភាពនៃវឌ្ឍនភាពក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានចង្អុលបង្ហាញឱ្យលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ ព្រមទាំងក្រុមការងារការដ្ឋានយកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។

យោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូបេតុង ACទាំង ២ស្រទាប់ បានបញ្ចប់១០០ភាគរយ។ ចំពោះលការងារបំពាក់សម្ភារៈសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ)គ្រោងបញ្ចប់បំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

ទន្ទឹមនឹងការចុះពិនិត្យជាប្រចាំលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ តែងបានធ្វើឡើងជាប្រចាំដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

សូមជម្រាបដែរថា ផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ទៅ ផ្លូវជាតិលេខ៣៣) កំពុងដំណើរការស្តារ និងលើកកម្រិតគុណភាព បន្ទាប់ពីបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ ផ្លូវនេះកំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។

ចំពោះផ្លូវជាតិលេខ៣១ ចំណាយថវិកាប្រមាណជាង ៦០លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់និងពន្ធអាករផ្សេងៗ៕