(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានស្ងើចសរសើរដល់កម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបានយ៉ាងល្អប្រសើរ ចំពោះការយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ពិសេសការទប់ស្កាត់បង្ក្រាបក្មេងទំនើង និងបញ្ហាគ្រឿងញៀន ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោក ធឹម សំអាន ក៏បានក្រើនរំលឹកដល់កម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការយកចិត្តទុកដាក់ទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ មិនថាបញ្ហាចោរកម្ម បញ្ហាក្មេងទំនើង និងការបង្ក្រាបគ្រឿងញៀននោះទេ ដើម្បីរក្សាការពារឲ្យបានល្អ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលសំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច» របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយផ្ដោតក្រោមរបៀបវារៈមួយចំនួន និងមានការចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការនគរបាលខណ្ឌ, តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, ប្រធានយោធភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យទាំង១១, លោក-លោកស្រីចៅសង្កាត់ទាំង៥ ស្ថិតនៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

លោក ធឹម សំអាន នៅក្នុងការដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនេះ បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផងដែរថា ក្រៅពីការយកចិត្តទុកដាក់ លើការផ្ដល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព លឿន រហ័ស និងតម្លាភាព ជូនបងប្អូនប្រជាពលរដ្ឋ និងក្នុងនាមមន្ត្រីមុខងារសាធារណៈ ត្រូវចូលរួមផ្ដល់កិច្ចសហការ នៃសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរបន្ថែមទៀត សំខាន់ និងសំដៅដល់ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច» និងយោងតាមរបៀបវារៈមួយចំនួន រួមមាន៖

*១៖ ការងាររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ
*២៖ ការងារគ្រប់គ្រងបញ្ហាយកភាសុីចំពោះបងប្អូនប្រជាពលរដ្ឋលក់ដូរតាមកញ្ជ្រែង កញ្ជើ ល្អី
*៣៖ ការងារបង្កើនការដាំដុះបង្កើតគម្របបៃតងក្នុងក្រុង
*៤៖ ការងារបង្កើនខ្សែរថយន្តក្រុង និងបង្កើតគន្លងផ្លូវរត់សម្រាប់រថយន្តក្រុង
*៥៖ បញ្ហាផ្សេងៗ។

សូមជម្រាបថា សម្រាប់លក្ខណៈសម្បត្តិគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច» របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖
*១៖ ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
*២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
*៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
*៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
*៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព
*៦៖ មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ
*៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕