(អ៊ីស្តង់ប៊ូល)៖ តួកគីបានបណ្តេញកងកម្លាំងប្រតិបត្តិការពិសេស របស់សហរដ្ឋអាមេរិកមួយចំនួន ចាកចេញពីភាគខាងជើងប្រទេសស៊ីរី ខណៈក្រុមឧទ្ទាមជាកងកម្លាំងរំដោះស៊ីរី (FSA) មិនចង់ឲ្យមាន ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកទៀតឡើយ។ នេះបើតាមសម្តីលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។
«កងកម្លាំងរំដោះស៊ីរី មិនចង់បានការអន្តាគមន៍ ពីសហរដ្ឋអាមេរិកនោះទេ ដោយសារតែទង្វើក្រុមមន្ត្រី សហរដ្ឋអាមេរិក បានធ្វើឲ្យបញ្ហាតានតឹង រហូតដល់កម្រិតនេះ»។ នេះបើតាមការស្រង់សម្តីរបស់ លោកប្រធានាធិបតីតួកគី នៅអំឡុងពេលសន្និសីទមួយ មុនពេលលោកចាកចេញទៅកាន់ទីក្រុង New York ដើម្បីចូលរួមមហាសន្និបាតលើកទី៧១ របស់អង្គការសហប្រជាជាតិ។
លោកបន្ថែមថា «ក្រុមមន្ត្រីរបស់យើង, កងកម្លាំងពិសេសរបស់យើង បានបណ្តេញចេញកងកម្លាំង ពិសេសសហរដ្ឋអាមេរិក ចំនួនប្រមាណ២៧នាក់ ចេញពីតំបន់»។ ទីក្រុង Washington បានប្រកាស កាលពីថ្ងៃសុក្រសប្តាហ៍មុនថា អាមេរិកមានការដាក់ពង្រាយកងកម្លាំងប្រតិបត្តិការពិសេស ជាច្រើននាក់ នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីធ្វើការជាមួយកងកម្លាំងតួកគី នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម IS។
ដោយឡែកតួកគីបានបញ្ជូនរថពាសដែក, យន្តហោះចម្បាំង និងកងកម្លាំងប្រតិបត្តិការពិសេស ទៅកាន់ភាគខាងជើងស៊ីរី នៅថ្ងៃទី២៤ ខែសីហា នៅក្នុងការដាក់ចេញនូវអ្វីដែលខ្លួនហៅថា ប្រតិបត្តិការ «Operation Euphrates Shield» ដើម្បីប្រយុទ្ធប្រឆាំងទាំងក្រុម IS និងក្រុមកងជីវពល Kurdish ស៊ីរី។
លោក Erdogan បានឲ្យដឹងថា ប្រតិបត្តិការដែរផ្តល់ការគាំទ្រទៅដល់កងកម្លាំងរំដោះស៊ីរី នៅដែនគោកនេះ គឺបច្ចុប្បន្នកំពុងដំណើរការល្អ។ លោកបន្តថា តំបន់ដែលមានផ្ទៃដីប្រមាណ ៥,០០០គីឡូម៉ែត្រក្រឡា នៅភាគខាងជើងស៊ីរី អាចកំណត់បានថា ជាតំបន់មានសុវត្ថិភាព ដូច្នេះក្រុមជនភៀសខ្លួនស៊ីរីបានបន្ថែមទៀតថា ពួកគេអាចវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ដោយមិនមានការភ័យខ្លាចពីអំពើភេរវកម្ម។
គួរបញ្ជាក់ថា តួកគី បាននិងកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួនស៊ីរី ប្រមាណ៣លាននាក់ នៅលើទឹកដីរបស់ខ្លួន តាមជាយដែនជាមួយស៊ីរី៕