(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅលើពិភពលោកសម័យបច្ចេកវិជ្ជាដ៏ទំនើបនេះ បើពោលអំពី CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គម Chat ដែលជាស្នាដៃរបស់កូនខ្មែរលើកដំបូងបង្អស់របស់កម្ពុជា ដែលមានលក្ខណៈស្តង់ដាអន្ដរជាតិ មិនខុសពីបណ្ដាញសង្គមអន្ដរជាតិល្បីៗ លើពិភពលោក មានដូចជា Telegram, WhatsApp, Viber, WeChat, Kakao Talk ជាដើម បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅលើ App Store និង Play Store ក៏បានធ្វើឲ្យបណ្តាញសារព័ត៌មាន CNN ដ៏ធំមួយរបស់អាមេរិក ព្រមទាំងបណ្តាញសារព័ត៌មាន Digital ធំៗ នៃបណ្តាប្រទេសដទៃទៀត បានធ្វើការផ្សព្វផ្សាយយ៉ាងព្រោងព្រាតអំពីស្នាដៃដ៏ប្រពៃថ្លៃថ្លារបស់កូនខ្មែរ។
នេះគឺពិតជាធ្វើឲ្យពិភពលោកមើលឃើញកម្ពុជាយ៉ាងច្បាស់ថា កាលពីមុននេះបន្ដិច កម្ពុជាត្រូវបានប្រព័ន្ធសារព័ត៌មានធំៗលើពិភពលោក ផ្សព្វផ្សាយតែកូនខ្មែរឱបអាវុធយ៉ាងណែន កាន់កាំភ្លើងអូសដីដើម្បីតែប្រយុទ្ធគ្នាយ៉ាងសន្ធោរសន្ធៅ។ តែបច្ចុប្ប្នន្នកម្ពុជាក្រោមម្លប់សន្តិភាពបានប្រែមុខមាត់ថ្មី ត្រូវបានប្រព័ន្ធសារព័ត៌មានធំៗល្បីៗលើពិភពលោក ផ្សព្វផ្សាយអំពីស្នាដៃដ៏លេចធ្លោរបស់កូនខ្មែរ ដែលមានសមត្ថភាពបង្កើតបច្ចេកវិជ្ជា ដ៏អស្ចារ្យដូចជាតិសាសន៍ដទៃទៀត នៅលើពិភពលោក ដើម្បីបម្រើដល់ប្រជាជាតិខ្លួន ក៏ដូចជាមនុស្សជាតិលើពិភពលោក។
បើពោលឲ្យចំ CoolApp នេះបានឆ្លុះបញ្ចាំងអំពីព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដរបស់កុលបុត្រខ្មែរ ដែលជាប្រទេសទើបតែបានងើបផុតពីភ្នក់ភ្លើងសង្រ្គាម ធ្លាប់តែទទួលរងនូវសោកនាដ្ឋកម្មកាលពីអតីតកាល ហើយបាននាំយក CoolApp ទៅដាក់នៅលើលំហពពកស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺការជំរុញនិងលើកទឹកចិត្ដដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងការកំណត់យកមុំទី៥ គឺមុំបច្ចេកវិជ្ជាឌីជីថលដើម្បីធ្វើសមាហរណ៍កម្មប្រជាពលរដ្ឋទៅក្នុងយុគ្គសម័យបច្ចេកវិជ្ជារបស់ពិភពលោក។
លោក រ័ត្ន សណ្តាប់ បន្ដថា ហេតុនេះ CoolApp ជាកម្មវិធីបើកចំហសម្រាប់មនុស្សលើពិភពលោកចម្រុះពណ៌សម្បុរ ទស្សនៈ គំនិត ព័ត៌មាន និងមានបេសកកម្ម ផ្តល់ជាសំណុំសម្រាប់អ្នកប្រើប្រាស់ដើម្បីភ្ជាប់ជាមួយអ្នកដទៃ ផ្តល់ឲ្យមនុស្សគ្រប់គ្នានូវថាមពលដើម្បីបង្កើតគណនីផ្ទាល់ខ្លួននិងចែករំលែកគំនិតនិងព័ត៌មានភ្លាមៗ ដោយគ្មានឧបសគ្គ។ ព្រោះគុណតម្លៃនៃលទ្ធផលនៃការបង្កើតបាន CoolApp ជាស្នាដៃកូនខ្មែរ ជាកិត្តិនាមកូនខ្មែរ ដែលលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិមនុស្សជាមូលដ្ឋាន។
មួយវិញទៀត យើងក៏អាចចោទជាសំនួរសួរថា CoolApp ជាអ្វី ?
CoolApp គឺជាកម្មវិធីផលិតឡើងដោយក្រុមហ៊ុនឯកជនឈ្មោះ CoolApp Co., Ltd. ដោយប្រើប្រាស់ប្រព័ន្ធបំបែកទៅជាកូដ Encryption ដូច WhatsApp, Telegram និងកម្មវិធីអន្ដរជាតិល្បីៗផ្សេងៗទៀត ដែលមិនអាចឲ្យមានជនណាម្នាក់ក្រៅពីម្ចាស់គណនីចូលមើលបានឡើយ។ ហេតុនេះការប្រើប្រាស់កម្មវិធី CoolApp ធ្វើឲ្យយើងមានអារម្មណ៍ថា ខ្លួនឯងមានសុវត្តិភាព សេរីភាព និងភាពរីករាយក្នុងការប្រើប្រាស់កម្មវិធីមួយនេះ។
ឆក់ក្នុងឱកាសដ៏មានមោទនភាពយ៉ាងប្រពៃថ្លៃថ្លានេះ ក៏លេចចេញផងដែរនូវទង្វើរបស់បុគ្គលប្រឆាំងពីរបីនាក់ បែរជាលើកទ្បើងយ៉ាងក្ដែងៗថា CoolApp បង្កើតទ្បើងដើម្បីតាមដានស្ដាប់ និងធ្វើទុក្ខបុកម្នេញដល់អ្នកប្រើប្រាស់ ឬយ៉ាងនេះឬយ៉ាងនោះទៅវិញ?
ត្រង់ចំណុចនេះ លោក រ័ត្ន សណ្ដាប់ បានថ្លែងទាំងអស់សំណើច និងទាត់ចោលរាល់ទង្វើ និងមតិរបស់បុគ្គលប្រឆាំងពីរបីនាក់នោះ គឺថាមិនយល់អំពីការប្រកួតប្រជែងលើសមរភូមិបច្ចេកវិជ្ជាឌីជីថលរបស់ពិភពលោកទាល់តែសោះ ពីព្រោះសព្វថ្ងៃពិភពលោកគឺជាទីផ្សារសេរីរបស់បច្ចេកវិជ្ជាឌីជីថល។ ដូចនេះប្រព័ន្ធឌីជីថលរបស់ប្រទេសនីមួយៗ គេត្រូវការប្រកួតប្រជែងដើម្បីបានប្រាក់ចំណេញ ដើម្បីរីកចំរើននិងដើម្បីឧត្ដមភាពរបស់ក្រុមហ៊ុន និងប្រទេសរបស់គេរៀងៗខ្កួន។ ត្រង់នេះយើងអាចចោទជាសំនួរទៅវិញថា តើមតិប្រឆាំងរបស់បុគ្គលពីរបីនាក់នោះ អាចមានសមត្ថភាពបង្កើត App ថ្មីមួយ ដែលជាស្នាដៃរបស់ខ្លួនបានទេ? ដើម្បីសុវត្ថិភាពដល់បក្ខពួកខ្លួននោះ??
បើគ្មានសមត្ថភាពបង្កើតបានទេ រាល់ទង្វើលើកទ្បើងរបស់ពួកគេទាំងនោះ គឺគ្រាន់តែជាវោហាសាស្ត្រនយោបាយ ដោយបន្ដុះបង្អាប់ដល់អ្នកដទៃ ដើម្បីលើកតម្កើងខ្លួនឲ្យអស្ខារ្យ ធ្វើឲ្យមានការភាន់ច្រឡំ និងច្របូកច្របល់ដល់សង្គមតែប៉ុណ្ណោះ។ ព្រោះការប្រើប្រាស់កម្មវិធី CoolApp គឺជាទំនាក់ទំនងរវាងមិត្តភ័ក្តិ និងក្រុមគ្រួសារ វិធីសាមញ្ញៗក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍មួយ និងជាមធ្យោបាយដ៏ប្រពៃ ហើយមានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុន ក្នុងការរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ។
ហេតុនេះការមកដល់កម្មវិធី CoolApp បានជំរុញឲ្យមានការរីកលូតលាស់ នៃបច្ចេកវិជ្ជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតមួយរបស់កូនខ្មែរសម័យទនើប ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដូចជាវិនិយោគិន អតិថិជន និងអ្នកផ្គត់ផ្គង់ជាដើម។ ដូច្នេះក្នុងការទទួលយកបច្ចេកវិជ្ជាឌីជីថលកម្មវិធិ CoolApp ដែលបានបង្ហាញខ្លួនក្នុងសមរភូមិប្រព័ន្ធផ្សព្វផ្សាយសង្គមដំបូងបង្អស់របស់ខ្លួនបានក្លាយជាម៉ាស៊ីនឌីជីថលសម្រាប់ការសន្ទនាជាសកល៕