(ព្រះវិហារ)៖ លោក អ៊ុំ សុភឿន អភិបាលស្តីទីស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានអភិវឌ្ឍរីកចម្រើនគ្រប់វិស័យតទៅទៀត។

ការថ្លែងរបស់លោកអភិបាលស្តីទីស្រុកឆែប ក្នុងឱកាសដែលលោកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានក្បាលបេតុង២កន្លែង និងផ្លូវក្រាលគ្រួសក្រហម២ខ្សែ ស្ថិតក្នុងឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរលោក អ៊ុំ សុភឿន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមការងារថ្នាក់កណ្តាលថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកឆែប ដែលជានិច្ចជាកាលតែងតែ យកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋស្រុកឆែប។

លោកអភិបាលស្តីទីស្រុកឆែប ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋពីការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលបានបន្តមរតកដឹកនាំពីសម្តេចតេជោ ហ៊ុន សែន កាន់តែធ្វើឱ្យប្រទេសជាតិយើងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។

ជាក់ស្តែងនៅមូលដ្ឋានស្រុកឆែបរបស់យើង និយាយដោយឡែកនៅឃុំសង្កែរពីរនេះ កាលពីមុនបងប្អូនប្រជាពលរដ្ឋយើងពិបាកធ្វើដំណើរណាស់ ដោយសារស្ថានភាពឃុំរបស់យើងឆ្ងាយពីផ្លូវជាតិ។ តែពេលនេះយើងមានស្ពាន ឆ្លងកាត់បានល្អមានផ្លូវល្អ ដូចដែលយើងបានឃើញជាក់ស្តែង និងយើងទាំងអស់គ្នាកំពុងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ។

លោក អ៊ុំ សុភឿន ក៏បានថ្លែងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើង បន្តចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវអប់រំណែនាំកូនចៅដែលជាយុវជនឱ្យប្រព្រឹត្តិនូវអំពើល្អ ចៀសឆ្ងាយពីល្បែងអបាយមុខផ្សេង ពិសេសចៀសឆ្ងាយពីគ្រឿងញៀន និងក្រុមក្មេងទំនើងដែលច្បាប់កំពុងអវត្តន៍យ៉ាងក្តៅគគុក៕