(ភ្នំពេញ)៖ អ្នកនាំពាក្យ ក្រុមតំណាងរាស្រ្តមតិភាគច្រើនក្នុងរដ្ឋសភា លោក ឈាង វុន បានប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍ របស់ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ចំពោះការជំរុញបន្ថែមឱ្យ រាជរដ្ឋាភិបាលកម្ពុជា ជួយរកដំណោះស្រាយ ដល់កសិករចំពោះបញ្ហាស្រូវចុះថ្លៃ។ លោក ឈាង វុន បានចាត់ទុក ការចេញសេចក្តីថ្លែងការណ៍ របស់ក្រុមតំណាងរាស្រ្តប្រឆាំង ប្រៀបបីដូចជាការភ្ញាក់ពីដេក នាគ្រាដែលទូកសង្គ្រោះជាតិ រៀបនឹងលិចទៅហើយ ទើបនាំគ្នាប្រឹងស្រវ៉េស្រវ៉ាដើម្បីតោងវិញ។
លោក ឈាង វុន បានអះអាងទាំងស្រុងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលដែលចេញពី គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ជួយដោះស្រាយ រាល់បញ្ហារបស់ប្រជាកសិករ ហើយជាពិសេសនៅពេលថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសនិងជំរុញឲ្យមានការទម្លាក់សាច់ប្រាក់ ២៧លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដោះស្រាយការធ្លាក់ ថ្លៃស្រូវរបស់ប្រជាកសិករ។ យន្តការរដ្ឋបាលក្នុងការបញ្ចេញសាច់ប្រាក់ ២៧លានដុលា្លរអាមេរិកនេះ កំពុងដំណើរការ ហើយប្រាក់នេះនឹងធ្លាក់ទៅ ដល់ដៃប្រជាកសិករក្នុងពេលដ៏ខ្លីខាងមុខនេះ។
សម្តេចក្រឡាហោម ស ខេង បានអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុត ដោយជំរុញឲ្យ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ចាន់ សុផល ធ្វើការពិភាក្សាឲ្យបានឆាប់ ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវធំៗ នៅក្នុងខេត្តបាត់ដំបង ដាក់ទុនរបស់គេជាមុន ដើម្បីប្រមូលទិញស្រូវក្នុងតម្លៃសមស្រប ដោយយកគោលការណ៍ពិភាក្សារវាង អ្នកទិញនិងអ្នកលក់។ ការងារនេះត្រូវបាន ឯកឧត្តមអភិបាលខេត្ត ចាន់ សុផល ធ្វើការទំនាក់ទំនង ជាមួយម្ចាស់រោងម៉ាស៊ីន កិនស្រូវក្នុងខេត្ត ដើម្បីរួមគ្នាដោះស្រាយបញ្ហាជូនប្រជាកសិករក្នុងខេត្តបាត់ដំបង។
អ្វីដែលគួរឲ្យសោកស្តាយនោះ គឺអ្នកដែលមានមហិច្ឆតានយោបាយ គ្មានព្រំដែនស្រវ៉េស្រវ៉ាជំរុញយ៉ាងណា ធ្វើឲ្យមានបាតុភាពកើតឡើង នៅក្នុងស្រុកសង្កែ កាលពីម្សិលមិញនេះ។ គេដឹងថា យុទ្ធសាស្រ្តរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងផ្តល់ដំណោះស្រាយល្អដល់ប្រជាកសិករ ដោយផ្តល់ទុន២៧លានដុល្លារអាមេរិក ដើម្បីប្រមូលទិញផលិតផលស្រូវ ដែលនឹងធ្វើឲ្យតម្លៃស្រូវមានតម្លៃ ដែលប្រជាកសិករអាចទទួលយកបាន។ គេបានញុះញង់ឲ្យមានបញ្ហាតវ៉ាបិទផ្លូវ កើតមានឡើងនៅស្រុកសង្កែ កាលពីថ្ងៃម្សិលម៉ិញនេះ ហើយគេយកលេសនេះ ដើម្បីចេញសេចក្តីថ្លែងការណ៍ របស់គេកាលពីព្រឹកមិញ បន្ទោសបង្អាប់រាជរដ្ឋាភិបាលដើម្បីយក បុងជាមួយប្រជាកសិករ។
ប្រជារាស្រ្ត និងប្រជាកសិករបានដឹង បានឃើញហើយថា គណបក្សសង្គ្រោះជាតិមិនដែល បានធ្វើអ្វីសោះដើម្បីជួយដល់ពួកគេ ហើយកន្លងមកក្នុងការឃោសនាបោះឆ្នោតឆ្នាំ២០១៣ ពួកនេះបានដើរស្រែកតាម ទីប្រជុំជន ក៏ដូចជាតាមទីផ្សាផ្សេងៗ ដោយលើកយកពាក្យស្លោកសុំឲ្យអង្កចុះថ្លៃ។ យើងសួរថា តើគណបក្សសង្គ្រោះជាតិ និងអ្នកនយោបាយជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ នៅតែបន្តធ្វើនយោបាយបែបប្រជាភិថុត នេះដល់ពេលណាទៀត?។
ប្រជាកសិករកម្ពុជាដឹងយ៉ាងច្បាស់ ហើយប្រជារាស្រ្តខ្មែរក៏ដឹងយ៉ាងច្បាស់ដែរថា គណបក្សប្រជាជនកម្ពុជា បានកើតចេញពីប្រជាកសិករ ពលករ និងប្រជារាស្រ្តសាមញ្ញទូទៅ ហើយគឺមានតែ គណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងដោះស្រាយរាល់បញ្ហារបស់ពួកគាត់ ហើយពួកគាត់ក៏ដឹងដែរថា នយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា គឺស្ថិតនៅជានិច្ចកាលជាមួយនឹង ប្រជាកសិករ និងប្រជាពលរដ្ឋកម្ពុជា ហើយសម្តេចបានធ្វើការងារច្រើនណាស់ សម្រាប់ជួយដល់ពួកគាត់៖
- ផ្តល់ថវិកាសម្រាប់លើកតំកើងជីវភាពរស់នៅរបស់ប្រជាកសិករ និងទ្រទ្រង់តម្លៃផលិតផល កសិកម្ម។
- មិនយកពន្ធដីធ្លី ស្រែចំការរបស់ប្រជាកសិករ និងប្រជាពលរដ្ឋ។
- មិនយកពន្ធលើសំភារៈកសិកម្ម។
- មិនយកពន្ធលើជីកសិកម្ម ឬយកពន្ធទាបបំផុត។
- ជំរុញនយោបាយទឹក ដើម្បីឲ្យប្រជាកសិករមានលទ្ធភាពធ្វើការស្រោចស្រព ដោយចាត់ទុកថា នយោបាយធារាសាស្ត្រជាកត្តា ចាំបាច់សម្រាប់ជំរុញឲ្យប្រជាកសិករ អាចធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំ។
- កសាងហេដ្ឋារច្ចនាសម្ព័ន្ធដឹកជញ្ជូនឲ្យ បានកាន់តែច្រើនថែមទៀត ដើម្បីសម្រួលការធ្វើ ដំណើរ និងការដឹកជញ្ជូន ក្នុងនោះការដឹកជញ្ជូនផលិតផលកសិកម្មរបស់ប្រជាកសិករ។ល។»។
លោក ឈាង វុន បាននិយាយថា គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់នៅ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានតភ្ជាប់ខ្លួនទៅនឹងប្រជាពលរដ្ឋពិតប្រាកដ ហើយគណបក្សប្រជាជនកម្ពុជាយល់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានលទ្ធភាពដោះស្រាយរាល់បញ្ហារបស់ប្រជាកសិករ ព្រោះគណបក្សសង្គ្រោះជាតិ គណបក្សសិទ្ធិមនុស្ស គណបក្សសមរង្ស៊ី មិនដែលបានធ្វើអ្វីសោះ សម្រាប់ប្រជាកសិករ ហើយគេតែងតែស្រែកញុះញង់ និងឃោសនាជា របៀបប្រជាភិថុត។ លោកថា «នៅពេលដែលគេត្រូវការអ្នកផ្សា គេឃោសនាថាអង្ករម៉េចក៏ថ្លៃម្លេះ តែបើគេ ត្រូវការប្រជាកសិករវិញ គេស្រែកថាស្រូវម៉េចក៏ថោកម្លេះ?»៕