(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា រាល់ការប្រមាថព្រះមហាក្សត្រ ទោះក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបាន។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា «ក្នុងន័យនេះ មិនថាបច្ចុប្បន្ន និងទៅអនាគត ខ្ញុំសូមអំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយ បន្តរួមគ្នាការពារ និងសូមចងចាំថាសកម្មភាពចំបងដែលយុវជនកម្ពុជាត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះគឺ ជាតិ ដែលមានប្រជាជាតិ និងប្រជាជន សាសនា និងព្រះមហាក្សត្រ»

ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ព្រះមហាក្សត្រ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ទន្ទឹមនឹងនេះ ក្រមព្រហ្មទណ្ឌកម្ពុជា ក៏បានកំណត់ទោសទណ្ឌចំពោះជនទាំងឡាយណា ដែលប្រមាថចំពោះអង្គព្រះមហាក្សត្រផងដែរ។

មាត្រា៤៣៧ស្ទួន នៃជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតិបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»