(កាប៊ុល)៖ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់ បានអះអាងនៅថ្ងៃចន្ទនេះថា ការវាយប្រហារដោយកងទ័ពអាកាស អាមេរិកនៅខេត្ត Uruzgan ភាគខាងជើងប្រទេសនោះ វាទំនងជាឧបទ្ទវហេតុនោះទេ ខណៈមន្ត្រីប៉ូលិស អាហ្វហ្គានីស្ថាន ០៨នាក់បាត់បង់ជីវិត ហើយសារព័ត៌មានមួយចំនួនទៀតបានចុះផ្សាយថា វាទំនងជាការភ័ន្តច្រឡំទៀតហើយ របស់កងទ័ពសម្ព័ន្ធមិត្តអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
លោក Rahimullah Khan មេបញ្ជាការប៉ូលិសប្រចាំខេត្តខាងលើនេះបានថ្លែងប្រាប់ស៊ិនហួរ ដូច្នេះថា «យន្តហោះចម្បាំងរបស់បរទេស បានធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស នៅតំបន់ Sagai ជាយទីក្រុង Trinkot នៃខេត្ត Uruzgan នៅយប់ថ្ងៃអាទិត្យ បានបណ្តាលឲ្យប៉ូលិស ០៨នាក់បាត់បង់ជីវិត ដែលទីតាំងនោះស្ថិតនៅចម្ងាយតែ ៨០០ម៉ែត្រប៉ុណ្ណោះពីប៉ុស្តិ៍ត្រួតពិនិត្យ ដែលជាស្នាក់ការរបស់ពួកតាលីបង់ ប៉ុន្តែយន្តហោះចម្បាំងបែរជា ធ្វើការវាយប្រហារទៅលើទីស្នាក់ប៉ូលិសទៅវិញ» ។
ដោយឡែកលោក Toor Jan ក៏បានប្រាប់ស៊ិនហួរ បន្ថែមទៀតដែរថា «យន្តហោះចម្បាំងរបស់បរទេស បានបើកការវាយប្រហារចំនួនពីរទីតាំង និងបានសម្លាប់កងកម្លាំងប៉ូលិសជាតិអាហ្វហ្គានីស្ថាន នៅហ្នឹង កន្លែងតែម្តងចំនួន ០៨នាក់»។
ចំពោះកងកម្លាំងដែលដឹកនាំដោយអង្គការ NATO វិញ មិនទាន់បាន ធ្វើការបកស្រាយអ្វីនៅឡើយទេ ជុំវិញការលើកឡើងរបស់មន្ត្រីប៉ូលិសជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបាន សារព័ត៌មានល្បីៗ លើពិភពលោក ដូច Guardian, AP, Reuters, និង BBC ជាដើមចុះផ្សាយយ៉ាងព្រោងព្រាត៕