(ភ្នំពេញ)៖ លោក ផាន់ ផល្លារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅពេលដែលកម្ពុជា ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ អត្រាពលរដ្ឋក្រីក្រនៅកម្ពុជា នឹងធ្លាក់ចុះជាងពេលបច្ចុប្បន្ននេះ គឺដោយសារការរីកចម្រើននៃសកម្មភាពសេដ្ឋកិច្ច ស្របពេលដែលយុវជនជំនាន់ក្រោយដែលទទួលបានការបណ្តុះបណ្តាលជំនាញ នឹងធ្វើឱ្យពួកគេទទួលបានចំណូលខ្ពស់ជាងមុន ដែលធ្វើឱ្យចំនួនប្រជាជនក្រីក្រ ស្ថិតក្នុងកម្រិតក្រ១ និងក្រ២ នឹងត្រូវបានកាត់បន្ថយ។
បើតាមលោក ផាន់ ផល្លា ប្រទេសដែលអាចចាត់ចូលជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់បាន លុះត្រាតែចំណូលមធ្យមរបស់ប្រជាពលរដ្ឋទទួលបានជាង៤ពាន់ដុល្លារក្នុងមួយឆ្នាំ និងប្រទេសដែលមានចំណូលខ្ពស់ គឺចំណូលមធ្យមជាង១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដែលតួលេខនេះគឺយោងតាមការកំណត់របស់ធនាគារពិភពលោក។ តែយ៉ាងណាតួលេខនេះ គឺត្រូវបានគណនាផ្លាស់ប្តូរជារៀងរាល់ឆ្នាំផងដែរ។
យោងតាមឯកសារថវិកាសង្ខេបប្រចាំឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ.ស.ស ឬចំណូលមធ្យមរបស់មនុស្សម្នាក់ៗនៅឆ្នាំ២០២៤ ត្រូវរំពឹងថានឹងកើនដល់ ២ ០៧១ ដុល្លារ ពីចំនួនប៉ាន់ស្មាន ១ ៩១៧ ដុល្លារ ក្នុងឆ្នាំ ២០២៣ ខណៈកាលពីឆ្នាំ ២០២២ មានចំនួន១ ៧៨៤ ដុល្លារ។
សូមជម្រាបថា កម្ពុជាបានចាកចេញពីប្រទេសដែលមានចំណូលទាបក្នុងឆ្នាំ២០១៥ មកជាប្រទេសដែលចំណូលមធ្យមកម្រិតទាប ដោយទំហំផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) កើនឡើងប្រមាណ ១០ ដង ពីប្រមាណ ៣.១១ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ១៩៩៨ ដល់ប្រមាណ ២៩.៦០ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២២។ ជាមួយគ្នានេះ ផ.ស.ស. សម្រាប់មនុស្សម្នាក់ បានកើនឡើងរហូតដល់ ៧ ដង គឺពីប្រមាណ ២៥៣ ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៨ ដល់ប្រមាណ ១ ៧៨៤ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។
ជាមួយនឹងកំណើនខ្ពស់ និងពិពិធកម្មសេដ្ឋកិច្ច កម្ពុជាបានដាក់ចេញនូវមហិច្ឆតារបស់ខ្លួន នៅក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយ គឺការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីថ្មីៗនេះថា ទោះបីជាកម្ពុជាបន្តទទួលរងនូវផលប៉ះទង្គិចពីវិបត្តិជំងឺកូវីដ-១៩ ហើយវិបត្តិផ្សេងៗទៀតក៏កំពុងបន្តកើតឡើង រាជរដ្ឋាភិបាលមិនបានបោះបង់ ឬផ្លាស់ប្តូរនូវទិសដៅអនុវត្តរយៈពេលវែងនោះទេ។ រាជរដ្ឋាភិបាលនៅតែរក្សាគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងន័យនេះ ដោយឈរលើស្មារតី «រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល និងអនុវត្តតាមបរិការណ៍ក្នុងប្រទេស (Think Globally and Act Locally)» រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវឤទិភាពគន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលត្រូវបានឆ្លុះបញ្ចាំងជាចម្បងតាមរយៈ បញ្ចកោណយុទ្ធសាស្ត្រទាំង ៥ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្រ្តទាំងមូល។
យុទ្ធសាស្ត្របញ្ចកោណ ប្រកាន់យកទស្សនវិស័យវែងឆ្ងាយ ដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជាប្រវត្តិសាស្ត្រចម្បងពីរ៖ (ទី១). ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និង(ទី២). កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
រាជរដ្ឋាភិបាលមិនឈប់ត្រឹមការដាក់ចេញនូវយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែបានដាក់ចេញនូវកម្មវិធី យន្ដការកែទម្រង់ និងវិធានការជាក់ស្ដែង ជាបន្ដបន្ទាប់។ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្ដបន្ទាប់នូវ «កម្មវិធីគោលនយោបាយអាទិភាព ៦» ក្នុងនោះកម្មវិធីចំនួន ៥ ត្រូវបានប្រកាស និងដាក់ឱ្យចាប់ផ្តើមអនុវត្តរួចហើយ រួមមាន៖ (ទី១). «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» (ទី២). «ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ» និង(ទី៣). «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស» ជាមួយនឹង «ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត» (ទី៤). «កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតផលកសិកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ» និង(ទី៥). «ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្មបែបថ្មី»៕