(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សា លើការពិនិត្យលើខ្លឹមសារនៃក្របខ័ណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028 នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងពិនិត្យឱ្យបានល្អិតល្អន់ ត្រឹមត្រូវ ព្រមទាំងមានខ្លឹមសារច្បាស់លាស់គ្រប់គ្រាន់។ បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រសួងនិងបន្តជំរុញការងារសហគមន៍កសិកម្មទំនើបឱ្យមានប្រសិទ្ធភាព ជាពិសេសលើកទឹកចិត្តដល់សហគមន៍ទំនើបកសិរុក្ខកម្ម ដែលអាចឱ្យកសិករធ្វើផលិតកម្មកសិកម្ម និងអាចថែរក្សាព្រៃឈើបានពិតប្រាកដ។
សូមជម្រាបជូនថា កម្មវិធីខាងលើនេះមានគោលបំណងជួយខ្សែច្រវាក់ផលិតកម្មកសិកម្ម ការគ្រប់គ្រងប្រព័ន្ធចំណីអាហារ សុខភាពសត្វនិងផលិតកម្មសត្វ អនុវិស័យជលផល និងអនុវិស័យព្រៃឈើ៕