(កែប)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា មន្ត្រីមន្ទីរព័ត៌មានខេត្តកែប និងអ្នកសារព័ត៌មាន ត្រូវយល់ឲ្យច្បាស់ថា ដើម្បីផ្តល់នូវជំនឿទុកចិត្តដល់អ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា គឺត្រូវផ្តល់នូវព័ត៌មានពិត ព័ត៌មានដែលមានគុណភាព ខ្លឹមសារល្អស៊ីជម្រៅ និងមានភាពទាក់ទាញ។

លោកថា គុណភាពក្នុងក្របខណ្ឌព័ត៌មាន គឺត្រូវតែមាន ព្រោះក្នុងពេលបច្ចុប្បន្ននេះប្រជាជនមានការប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយសង្គមដូចជា Facebook TikTok ជានិន្នាការក្នុងការទទួលបានព័ត៌មានសម្រាប់គាត់ តាមរយៈ ទូរស័ព្ទដៃ ស្មាតហ្វូន iPad ផេត ដែលជាបច្ចេកវិទ្យាទំនើបធ្វើអោយប្រព័ន្ធផ្សព្វផ្សាយបុរាណ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី បានបិទទ្វារជាបន្តបន្ទាប់ ដោយសារខ្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ គ្មានចំណូលពាណិជ្ជកម្ម ដែលធ្វើអោយអង្គភាពសារព័ត៌មានធំៗមិនអាចឈរជើងបាន ហើយបញ្ហាទាំងនេះដោយសារការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន។ នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកែប ព្រមទាំងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារនៅក្នុងខេត្ត នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នាមន្ទីរព័ត៌មានខេត្តកែប។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដោយមើលឃើញនូវរាល់បញ្ហាប្រឈមដែល បានកើតឡើងខាងលើនេះ គឺក្រសួង ស្ថាប័ន អង្គភាពចំណុះអោយរាជរដ្ឋាភិបាល ស្ថាប័ន អង្គភាពសារព័ត៌មាន ទាំងរដ្ឋ និងឯកជន ត្រូវធ្វើយ៉ាងដើម្បីឲ្យស្របទៅនឹងការវិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលស្របទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល បានដាក់ចេញ ដើម្បីអភិវឌ្ឍន៍អោយទាន់នៃការរីកចំរើនលើផ្នែកបច្ចេកវិទ្យាឌីជីថល។ ដូច្នេះយើងទាំងអស់ត្រូវបន្សាំទៅនឹងការវិវឌ្ឍនៃគោលនយោបាយ ការវិវឌ្ឍបច្ចេកវិទ្យា និងការវិវឌ្ឍនៃសង្គម។

ជាការឆ្លើយតបទៅនឹងសំណួរដែលសួរថា បើប្រជាជន ប្រើ Facebook និង TikTok ដើម្បីទទួលបានព័ត៌មាន ប្រចាំថ្ងៃរួចទៅហើយ ចាំបាច់អីប្រឹងប្រែងធានាអោយមានដំណើរការផ្សាយរបស់វិទ្យុ ទូរទស្សន៍ និងកាសែត បន្តទៅទៀត?

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើការបញ្ជាក់ថា ក្រសួងព័ត៌មាន ទើបតែរៀបចំធ្វើការបោះពុម្ពចេញផ្សាយឡើងវិញនូវ កាសែតកម្ពុជា ដែលមានអាយុកាល៤៥ឆ្នាំមកហើយ ដោយបន្តចេញផ្សាយតាមប្រពន្ធ័អនឡាញ ដែលនេះគឺស្ថិតក្នុង ក្របខណ្ឌមួយ ទោះបីជាបច្ចេកវិទ្យាទំនើបរីកចំរើនយ៉ាងណាក៏ដោយ ក៏ប្រពន្ធ័ផ្សព្វផ្សាយទំនើបមិនទាន់អាចមានជំនឿទុកចិត្តខ្លាំងដូចប្រពន្ធ័ផ្សព្វផ្សាយបុរាណនោះទេ ដោយសារមនុស្សម្នាក់អាចបង្កើតគណនេយ្យ Facebook TikTok បាន ៥ ទៅ ៦ ហើយក៏អាចបង្កើតគណនេយ្យក្លែងក្លាយដើម្បីផ្សព្វផ្សាយព័ត៌មានដែលមិនត្រឹមត្រូវ។ អញ្ចឹងតើនរណាដែលជាអ្នកផ្តល់ព័ត៌មានពិត ត្រឹមត្រូវ នោះគឺប្រពន្ធ័ផ្សព្វផ្សាយបុរាណ។

រដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីឲ្យប្រពន្ធ័ផ្សព្វផ្សាយបុរាណអាចរស់បាន គឺត្រូវធ្វើសមារណកម្មបច្ចេកវិទ្យា ពីបុរាណ មកទំនើប ពីការផ្សាយតាមរលកធាតុអាកាសតាមរយៈអង់តែន មកធ្វើការផ្សព្វផ្សាយតាមប្រពន្ធ័ឌីជីថល។

នៅក្នុងឱកាសនេះលោក នេត្រ ភក្ត្រា បានជម្រាបជូនថា វិស័យសារព័ត៌មាន និងអ្នកសារព័ត៌មាន អាចចូលរួមអ្វីខ្លះក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ នោះគឺការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងការផ្តល់នូវចំណេះដឹងល្អៗ ដែលអាចជៀសផុតពីសំណាញ់ច្បាប់ដោយសារបានយល់ច្បាស់ពីក្រមសីលធម៍ និងវិជ្ជាជីវៈសារព័ត៌មាន។ ក្រមសីលធម៍ សំដៅទៅលើក្រមប្រតិបត្តិមួយដើម្បីធ្វើវិជ្ជាជីវៈរបស់យើងអោយបានល្អប្រសើរ។ ក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន គឺសំដៅលើតុល្យភាពព័ត៌មាន។

អ្នកកាសែតត្រូវប្រកាន់នូវវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ដែលជាអ្នកនាំពាក្យប្រកបដោយប្រភពច្បាស់លាស់ និងមានតុល្យភាពត្រឹមត្រូវ។ អ្នកកាសែតមិនមែនជានគរបាលយុត្តិធម៍អាចចាប់ចងនរណាម្នាក់បាននោះទេ អ្នកកាសែតមិនមែនជាអ្នកមានអំណាចបញ្ជាគេឲ្យធ្វើតាមខ្លួនឡើយ ហើយក៏មិនមែនចៅក្រមកាត់ក្តីនរណាម្នាក់ទេ។

លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប បានគូសបញ្ជាក់ថា កន្លងមកមន្ទីរព័ត៌មានខេត្តបានសហការយ៉ាងជិតស្និតជាមួយ រដ្ឋបាលខេត្ត និងបានអនុវត្តតាមការចង្អុលបង្ហាញរបស់ខេត្ត ដែលធ្វើឱ្យដំណើរ នៃការគ្រប់គ្រងព័ត៌មាន ការផ្តល់ ព័ត៌មានពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសការខិតខំរបស់រាជរដ្ឋាភិបាលផ្សាយជូនដល់ប្រជាពលរដ្ឋបានដឹង និងការដោះស្រាយនូវសំណូមពរនានារបស់រដ្ឋបាលខេត្តជូនដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលាផងដែរ ទទួលបានលទ្ធផលជាផ្លែផ្កា និងបានលើកកម្ពស់មុខមាត់ខេត្តកែបទាំងមូល។

លោក រស់ ឧត្តុង ប្រធានមន្ទីរព័ត៌មានខេត្តកែប ធ្វើរបាយការណ៍ជម្រាបជូនពីវឌ្ឍនភាពការងារដែលថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងមន្ទីរសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក និងលើកទិសដៅផែនការសកម្មភាពការងារជាច្រើន ជាពិសេសបន្តគ្រប់គ្រងតាមដានព័ត៌មានក្លែងក្លាយ និងធ្វើការឆ្លើយតបដើម្បីបន្សាបព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេលវេលា។ បន្តគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងសោទស្សន៍ក្នុងខេត្តកែបឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕