(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០២៤ បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,០០០នាក់។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្នើឱ្យសិក្ខាកាមបង្ហាញចំណាប់អារម្មណ៍លើវគ្គបណ្តុះបណ្តាលនេះ ដែលចំណាប់អារម្មណ៍ទាំងនោះបានរំលេចនូវសារៈសំខាន់របស់ចំណេះដឹង ដែលទទួលបាន និងវគ្គនេះគឺជាវេទិការសម្រាប់ផ្សារភ្ចាប់គ្នារវាងមន្រ្តីសុខាភិបាលនៅតាមតំបន់ឆ្ងាយដាច់ស្រយាលជាមួយថ្នាក់ដឹកនាំស្ថាប័ន។

ក្នុងសប្តាហ៍នេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តទៅលើប្រធានបទ «ការធ្វើឱ្យប្រសើរឡើងនូវឥទ្ធិពលរបស់អ្នក ក្នុងនាមជាអ្នកដឹកនាំមួយរូប» ដោយសង្ខេបទ្រឹស្តីរបស់ Johari Window និងវិធីសាស្រ្តដែលអ្នកដឹកនាំអាចប្រើប្រាស់ដើម្បីពង្រីកឥទ្ធិផលរបស់ខ្លួន រូមមាន៖

១៖ អ្នកដឹកនាំត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ជាងមុន ដោយស្តាប់ការផ្តល់ព័ត៌មានត្រឡប់ពីសហភាតរៈ
២៖ ពន្លាតសមត្ថភាពខ្លួនដោយរៀនសូត្រនូវអ្វីដែលថ្មី ធ្វើអ្វីដែលថ្មី និងធ្វើការជាមួយក្រុមការងារ និងបរិបទផ្សេងៗអោយបានច្រើន
៣៖ ចែករំលែកនូវភាពឯកជនរបស់ខ្លួន ដែលមានប្រយោជន៍សម្រាប់ការងារជាមួយសហភាតរៈឱ្យបានច្រើនជាងមុន។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលចាប់ពីសប្តាហ៍នេះមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕