(កំពង់ចាម)៖ ដោយសារនៅចំណុចបឹងធំស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ទើបតែបានប្រារព្ធទិវាមច្ឆាជាតិ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានលែងពូជកូនត្រីពូជល្អៗ យ៉ាងច្រើនចូល ក្នុងបឹងនោះ ទើបអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្ត ដើម្បីមានវិធានការសហការជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចៀសវាងមានករណីប្រព្រឹត្តបទល្មើសនេសាទ នៅចំណុចបឹងធំ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ក្នុងពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារថា្នក់ជាតិចុះមូលដា្ឋន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍ ស្តីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម បានលើកឡើងទៀតថា នៅចំណុចបឹងធំនោះ សូមឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ ដើម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យពួកគាត់បានយល់ដឹង អំពីច្បាប់ជលផល និងធ្វើការនេសាទ ទៅតាមច្បាប់អនុញ្ញាត ចៀសវាងការប្រើឧបករណ៍ខុសទំហ៊ុំ ខ្នាត និងពេលវេលា ដែលច្បាប់ជលផលហាមឃាត់។

លោកអភិបាលខេត្ត បានលើកឡើងថា សូមឲ្យមន្ត្រីនៃមន្ទីរកសិកម្ម ណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិឃុំសូមកុំឲ្យពួកគាត់ចុះហត្ថលេខា លើឯកសារដីដែលពាក់ព័ន្ធ និងដីព្រៃលិចទឹក៕