(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីប្រគល់ និងទទួលសម្ភារសាងសង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបញ្ជាការដ្ឋានការពាកោះ ឆ្នេរ កងទ័ពជើងទឹក។

ឧត្តមនាវីឯក ស៊្រុន សារឿន មេបញ្ជាការរង កងទ័ពជើងទឹក មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ បានសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍ គីម ប៊ុនថាន ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់សុខទុក្ខចំពោះការងារកសាងអង្គភាព និងការរស់នៅរបស់កងទ័ពធ្វើឱ្យកងទ័ពមានភាពកក់ក្ដៅ ព្រមទាំងបានប្តេជ្ញាការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាល និងគាំទ្រជានិច្ចលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតបនឹងដឹងគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបានចំពោះសម្តេចធិបតី ព្រមទាំងសូមគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីគ្រប់ៗអាណត្តិ និងគាំទ្រពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, លោកក៏បានកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង និងពលនាវី ក្នុងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈ។

ជាពិសេសទោះក្នុងពេលសុខសន្តិភាព កងកម្លាំងរបស់យើង តែងតែបានចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗបានយ៉ាងជោគជ័យ។ ហើយកងកម្លាំងក៏ត្រូវបន្តគោរពអនុវត្ត បទបញ្ញត្តិទាំង១០ របស់ សម្តេចតេជោ និងបទបញ្ជាផ្សេងៗ របស់ សម្តេចធិបតី ឲ្យបានម៉ឺងម៉ាត់។