(ភ្នំពេញ)៖ ក្រុមយុវជនសង្គមស៊ីវិល នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសថ្កោលចំពោះជនណា ឬបុគ្គលណា ដែលតែងតែរិះរកវិធីសាស្ត្របង្កើតព្រឹត្តិការណ៍ ធ្វើសកម្មភាពយកវិស័យបរិស្ថាន និងសិទ្ធមនុស្សជាឈ្នាន់នយោបាយ តាមការញុះញង់របស់ជនបរទេស ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរ ចលាចល ទាំងពួកគេដឹងហើយថាជាទង្វើខុសច្បាប់។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពី ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​បរិស្ថាន​ប្រមាណ ៥០​នាក់ ​ស្លៀកពាក់ស មាន​ឆ្នួតក្បាល​ពណ៌ស ដៃកាន់ធូប និង​ផ្កាឈូក​ បានដង្ហែ​ក្បួន​ជា​ពិធី​បុណ្យ​សព​ ចាប់​ពី​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វារ ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​មាន​រៀប​ចំ​កម្រង​ផ្កា ចាក់ភ្លេង​ហែសព និង​មាន​បដា​ និង​ទង់សរសេរ​ថា «យុត្តិធម៌​ស្លាប់​ហើយ» ពេលសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនចលនាខុសច្បាប់មាតាធម្មជាតិចំនួន ១០ នាក់។ សេចក្តី

ថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមសម្តែងការសោកស្តាយជាពន់ពេកប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ បែរជាមានក្រុមយុវជនជ្រុលនិយមមួយក្ដាប់តូច តែងតែនាំគ្នាបង្កើតព្រឹត្តិការណ៍ ចលនាខុសច្បាប់ រិះរកវិធីសាស្ត ផ្សព្វផ្សាយព័ត៌មានប្រឌិតបំផុសបំផុលខុសពីការពិតមកលើព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមយុវជនចលនាខុសច្បាប់ទាំងនោះ តែងតែធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ ដែលជាចេតនានយោបាយ ខ្មៅកខ្វក់ ពិសេសវាយប្រហាលលើស្ថាប័នក្រសួងបរិស្ថាន ជាដើម»

ជាកត្តាសត្យានុម័ត ដូចពាក្យចាស់ពោលថា កុកអាចភ្លេចជង់ តែជង់មិនភ្លេចកុកទេ! នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនចលនាខុសច្បាប់មាតាធម្មជាតិចំនួន ១០ នាក់ ដាក់ពន្ធធនាគារពី៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ និងរួម គំនិតក្បត់ជាតិ។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីបើកសាវនាការចំនួន ៥ លើករួចមកហើយ។

សេចក្តីថ្លែងការណ៍ បន្តថា «យើងបានដឹងហើយថាកាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ និងបទ រួមគំនិតក្បត់ ក្រោយពីបែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នា។ ក្នុងនោះ បុគ្គលជាជនប្រទេសឈ្មោះ អាឡិចហ្សង់ដូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែលជាស្ថាបនិកនៃចលនាមាតាធម្មជាតិត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា និងត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រកម្ពុជាផងដែរ។ ស្របតាមអង្គហេតុខាងលើក្នុងនាមជា ក្រុមយុវជនសង្គមស៊ីវិល យើងខ្ញុំសូមប្រកាសគាំទ្រនូវសាលក្រមរបស់ តុលាទាំងស្រុង ពីព្រោះច្បាប់ជាច្បាប់! ខណៈដែលក្រុមយុវជនមួយក្ដាប់តូចនេះ មិនចេះរាងចាល បំពានច្បាប់នាំគ្នារិះរកវិធីសាស្ត្រយករឿងបរិស្ថាន និងសិទ្ធិមនុស្សមកធ្វើជាឈ្នាន់នយោបាយបម្រើឱ្យជនបរទេសទាំងមិនដឹងខ្លួន ងប់ងុលលង់លក់នឹងមនោគមវិជ្ជានយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ជនបរទេស»

បើតាមសេចក្តីថ្លែងការណ៍ ក្នុងនាមជាយុវជនដូចគ្នា ពិតជាសង្វេកដល់ដួងប្រលឹង បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលខំសាងស្នាដៃ និងការពារទឹកដីសុវណ្ណភូមិតាំងពីដើមរាងមក ប៉ុន្តែក្នុងនាមជាយុវជនខ្មែរជំនាន់ក្រោយ បែរជាបណ្តោយខ្លួនឱ្យចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមបរទេសជ្រុលនិយមទៅវិញ ជាចុងក្រោយក្នុងនាមយុវជនកម្ពុជា គឺមិនអាចឱបដៃឈរមើល យុវជន ជនបរទេស ឬអង្គការ សមាគមណាមកចង់កេញចំណេញនយោបាយ ឬបង្កើត ភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ពួកគេប្ដេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ធ្វើការឆ្លើយតបគ្រប់រូបភាព និងសកម្មភាព ជាក់ស្ដែងត្រឡប់ទៅវិញ៕