(កណ្តាល)៖ គ្រូមត្តេយ្យសាលាចំនួន ១៦នាក់ ក្នុងនោះរួមមានទាំងស្ត្រី និងបុរស នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានទទួលការបណ្តុះបណ្តាលជំនាញផ្នែកអាហារូបត្ថម្ភ និងអនាម័យ ដែលជាមុខជំនាញសំខាន់សម្រាប់ការថែទាំ និងបំប៉នកុមារ ហើយត្រូវបានរៀបចំបណ្តុះបណ្តាលជូន ដោយអង្គការអែដ អេ អាក់ស្យុង នៅមជ្ឈមណ្ឌលសហគមន៍អាយលីដ ដែលទើបនឹងបង្កើតថ្មី។

វគ្គបណ្តុះបណ្តាល ដែលឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ នៃសាធារណរដ្ឋឆែក បានប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ក្រោមកិច្ចសហការពីររដ្ឋអំណាចមូលដ្ឋាន និងការិយាល័យអប់រំស្រុក និងក្រោមការបង្ហាត់បង្រៀនដោយអ្នកគ្រូដែលមានបទពិសោធន៍ច្រើនឆ្នាំ ខាងផ្នែកមត្តេយ្យសិក្សា។

«រយៈពេល៥ថ្ងៃ សិក្ខាកាមបានសិក្សាអំពីអាហារសម្រាប់កុមារ ដែលចែកចេញជាបីក្រុមគឺ៖ ក្រុមអាហារឋាមពល អាហារការពារ និងអាហារសាងសង់។ ក្រៅពីនេះ វគ្គសិក្សាក៏បានបង្រៀន សិក្ខាកាមផងដែរ អំពីអនាម័យចំណីអាហារ និងអនាម័យរាងកាយ ដែលត្រូវបានបង្ហាត់បង្រៀនដោយអ្នកគ្រូ ជឺ គឹមហៀង» អ្នកសម្របសម្រួលអង្គការអែដ អេ អាក់ស្យុង អ្នកស្រី គី សំភី បានមានប្រសាសន៍ក្នុងពិធីបិទវគ្គ។

គួរកត់សំគាល់ថាឃុំក្រាំងយ៉ូវ ក៏ដូចជាឃុំជាច្រើនទៀតនៅ ទូទាំងប្រទេសដែរ ទើបតែមានមតេ្តយ្យសិក្សាក្នុងពេលថ្មីៗនេះប៉ុណ្ណោះ ដូច្នេះហើយទើបសហគមន៍ ផ្តល់ការគាំទ្រយ៉ាងខ្លាំង។ ដោយយល់ឃើញពីសារសំខាន់នៃសាលា និងមត្តេយ្យសិក្សា ប្រជាសហគមន៍ក្រាំងយ៉ូវ បានព្រមព្រៀងក្នុងពេលកន្លងមក ផ្តល់ដីមួយកន្លែងដល់អង្គការ អែដ អេ អាក់ស្យុង សម្រាប់សាងសង់ សាលាមត្តេយ្យមួយ ក្នុងដំណាក់កាលជាបឋម។

ក្នុងជំហានបន្ទាប់មកដោយភ្ជាប់ជាមួយនឹង គម្រោងសាលាមតេ្តយ្យនេះ អង្គការអែដ អេ អាក់ស្យុង ក៏បានសង់ជាអាគារ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈមួយថែមទៀត នៅក្នុងបរិវេណជាមួយគ្នា ដែលមានឈ្មោះថា មជ្ឈមណ្ឌលសហគមន៍ អាយលីដ (iLEAD Community Center) ដើម្បីផ្តល់ឱកាសបណ្តុះបណ្តាល វិជ្ជាជីវៈដល់មាតាបិតា ដែលយកកូនមកដាក់នៅសាលាផង និងដល់សមាជិកផ្សេងៗ ទៀតផងដែរ នៅក្នុងសហគមន៍។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោក ឌិត សៅ ប្រធានក្រុមប្រឹក្សាឃុំក្រាំងយ៉ូវ ក៏បានសម្តែងក្តីរំភើបផងដែរ ចំពោះអ្វីដែលឃុំរបស់លោកទទួលបាន តាមរយៈអង្គការ អែដ អេ អាក់ស្យុង។ «បានត្រឹមតែសាលាមតេ្តយ្យមួយ ពិសេសណាស់ទៅហើយ តែថែមទាំងបានអាគារមជ្ឈមណ្ឌលដ៏ធំមួយនេះទៀត»

ទាក់ទងដល់វគ្គបណ្តុះបណ្តាលដែលទើបតែចាប់ផ្តើមដំបូងនៅក្នុងអាគារថ្មីនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនេះ និងទស្សនវិស័យទៅថ្ងៃអនាគត  លោកប្រធានក្រុមប្រឹក្សឃុំបន្ថែមថា៖ «បើសុខភាពមិនធានា អភិវឌ្ឍន៍ក៏មិនបានដែរ។ ហើយរហូតដល់ឆ្នាំ២០២០ កុមារត្រតូវតែចេះកុំព្យូទ័រ»

ក្នុងឱកាសពិធីបិទវគ្គនេះដែរ លោក សេក បរិសុទ្ធ តំណាងឲ្យអង្គការអែដ អេ អាក់ស្យុង បានរំឮកដល់អ្នកចូលរួមថា ការជួយដល់កុមារឲ្យបានទទួលការអប់រំ និងប្រកបដោយគុណភាព គឺជាបេសកកម្មស្នូលរបស់អង្គការ។ តែទោះជាយ៉ាងណាក៏ដោយ ការចូលរួមរបស់សហគមន៍ នៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន ដូចករណីនៅទីនេះជាឧទាហរណ៍ស្រាប់។

«លទ្ធផល និងជោគជ័យដែលសម្រេចបាននៅឃុំក្រាំងយ៉ូវយើងនេះ អាចនឹងត្រូវបានយកទៅផ្សព្វផ្សាយចែករំលែក នៅកន្លែងផ្សេងៗទៀត ទូទាំងប្រទេស ឬរហូតដល់ប្រទេសក្រៅទៀតផង» លោកសេក បរិសុទ្ធ បញ្ជាក់៕