(សៀមរាប)៖ បន្ទាប់ពីដាក់ឱ្យដំណើរការថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមឆាតរបស់កម្ពុជា CoolApp បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម Chat ដែលមានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store។

លោកសាស្ត្រចារ្យវេជ្ជបណ្ឌិត យៃ ចន្ទនា ប្រធានមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា CoolApp ដើម្បីគាំទ្រ និងលើកទឹកចិត្តចំពោះអ្វីដែលកូនខ្មែរខិតខំផលិតបាន ហើយការប្រើប្រាស់ CoolAppនេះ បានផ្តល់ផលប្រយោជន៍មកដល់កម្ពុជាសុទ្ធសាធ មិនដូចការប្រើប្រាស់ App របស់បរទេស។ សម្រាប់បណ្តាញទំនាក់ទំនងឈែត CoolApp មានគុណភាព ជាពិសេសគឺរក្សាសុវត្ថិភាពខ្ពស់រក្សាការសន្ទនាចំពោះអ្នកប្រើប្រាស់។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានថ្លែងថា សម្រាប់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បាន Download បណ្តាញសង្គមរបស់ខ្មែរ CoolApp នេះរួចហើយបន្ទាប់ពីការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

លោកសាស្ត្រចារ្យវេជ្ជបណ្ឌិត យៃ ចន្ទនា បានលើកឡើងថា៖ «ចំពោះខ្ញុំ ក៏ដូចជាក្រុមគ្រូនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប ទី៣) ក្រុមការងារខាងផ្នែករដ្ឋបាល ខាងផ្នែកបច្ចេកទេសបានបង្កើតឱ្យប្រើប្រាស់បណ្តាញសង្គម​ CoolApp ទាំងអស់ ប្រកបដោយជោគជ័យ។ ជាមោទនៈភាពណាស់ដែលកូនខ្មែរយើងអាចមានសមត្ថភាពបង្កើត CoolApp សម្រាប់ប្រជាជនខ្មែរ ប្រើនៅក្នុងប្រទេសហើយមានសុវត្ថិភាពសម្រាប់ការរក្សាទិន្នន័យរបស់យើង»

សម្រាប់អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានលើកឡើងថា លោកបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម CoolApp ដែលជា App ថ្មីបង្កើតឡើងដោយកូនខ្មែរ។ ការបង្កើតបណ្តាញសង្គមនេះ គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា ពីព្រោះកម្ពុជា មិនដែលមានបណ្តាញទំនាក់ទំងនងឈែត (Chat) របស់ខ្លួននោះទេ ពោលគឺប្រើប្រាស់បណ្តាញសង្គមរបស់បរទេសទាំងអស់។ ដូច្នេះ នេះគឺជាមោទនភាពមួយរបស់ប្រទេសកម្ពុជា ដែលមានបណ្តាញទំនាក់ទំនងសង្គមខ្លួនឯង។

«យើងជាកូនខ្មែរ ត្រូវតែគាំទ្រអ្វីដែលកូនខ្មែរ បង្កើតឡើងដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិខ្លួនឯង ដើម្បីរក្សាសុវត្ថិភាព»។ នេះជាការយល់ឃើញរបស់អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧។

CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។

CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។

CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕

សូមទស្សនាកិច្ចសម្ភាសជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប អំពីការប្រើប្រាស់ CoolApp និងអត្ថប្រយោជន៍ ដូចតទៅ៖