(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៦-១៧-១៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់នៅ ក្នុងកិច្ចប្រជុំស្តីពីការរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៦។
កិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំ ពិធីបុណ្យសមុទ្រឆ្នាំ ២០១៦ នេះ ធ្វើឡើងក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី តំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងសាធារណការ និង ដឹកជញ្ជូន អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខេត្តព្រះសីហនុ មន្ទីរជំនាញ សមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត និង តំណាងផែ្នកឯកជនពាក់ព័ន្ធវិស័យទេសចរណ៍។
យោងតាមកិច្ចប្រជុំនេះ គណៈកម្មការរៀបចំបុណ្យបានសម្រេចថា នឹងប្រព្រឹត្តទៅនាថ្ងៃទី១៦-១៧ -១៨ ខែធ្នូ ឆ្នាំ២០១៦ នៅឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ក្រោមប្រធានបទ «ទីក្រុងបៃតង-ឆ្នេរស្អាត-ផ្ទៃសមុទ្រខៀវស្រងាត់» (Green City-Clean Beach-Blue Sea) ហើយនេះ គឺជាលើកទី២សម្រាប់ខេត្តព្រះសីហនុ ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ (បន្ទាប់ពីការរៀបចំលើកទី១ ប្រកប ដោយជោគជ័យកាលពីឆ្នាំ២០១១)។
ជាមួយគ្នានេះអង្គប្រជុំក៏បានបញ្ជាក់ថា ជាមោទនភាពសម្រាប់ខេត្តព្រះសីហនុ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្តល់កិត្តិយសអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យសមុទ្រឆ្នាំ២០១៦ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៧៖៣០នាទីល្ងាច នៅឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ដ៏សប្បាយរីករាយនេះ។
ដើម្បីអបអរសាទរការរៀបចំពិធីបុណ្យសមុទ្រជុំទី២ នៅខេត្តព្រះសីហនុ ជាពិសេសការអញ្ជើញជាអធិបតីរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រឆ្នាំ២០១៦ គណៈកម្មការ អន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦ គ្រោងអញ្ជើញក្រុមសិល្បៈ នៃប្រទេសអាស៊ានមួយចំនួន រួមមាន ថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ចិន ឥណ្ឌា និងរុស្សី ចូលរួមសម្តែងក្នុងពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រនេះ និងកម្មវិធីនានាក្នុងឱកាសបុណ្យសមុទ្រនេះផងដែរ។
ក្នុងកិច្ចប្រជុំ ក៏បានធ្វើការពិភាក្សា និងបានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗ ជូនចំពោះស្ថាប័នពាក់ព័ន្ធ និងអាជីវករ ប្រតិបត្តិករទេសចរណ៍ ដើម្បីឆ្ពោះទៅការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦ ខាងមុខឲ្យបានជោគជ័យ និងសប្បាយ រីករាយ មានដូចជា ទី១-ការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្មីៗ និងប្រព័ន្ធទឹក ភ្លើងនៅទីក្រុង ទី២-ការរៀបចំកែសម្រួល រចនាសម្ព័ន្ធ និងអភិវឌ្ឍឆ្នេរខ្សាច់កំសាន្ត ថ្មី ទី៣-ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យទីក្រុង និងតំបន់ឆ្នេរកំសាន្ត ទី៣-ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ផលិតផលទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អ (សេវាស្នាក់នៅហូបចុក ដឹកជញ្ជូន នាវាទេសចរណ៍ តាក់ស៊ី...) និងចលនាប្រជាជនរៀបចំផ្ទះស្នាក់សម្រាប់ទេសចរ ទី៤-ការរៀបចំ ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរខ្សាច់ និងកីឡាលើទឹក ទី៥-ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផល ទេសចរណ៍ថ្មីៗ ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលក្នុងស្រុក និងពិព័រណ៍ម្ហូបអាហារ ទី៦-ការរៀបចំកម្មវិធីក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ឲ្យល្អ មានលក្ខណៈពិសេស និងមានភាពទាក់ទាញជាងឆ្នាំកន្លងមក ទី៧-ការរៀបចំសកម្មភាពបុរេព្រឹត្តិការណ៍ ឆ្ពោះទៅរក បុណ្យសមុទ្រ ដូចជាចលនាប្រលងប្រណាំងទីក្រុងស្អាត ឆ្នេរស្អាត (កែលំអសណ្តាប់ធ្នាប់ សោភ័ណ្ឌភាពទីក្រុង សណ្តាប់ធ្នាប់ សោភ័ណ្ឌភាពឆ្នេរខ្សាច់កំសាន្ត...) ការពង្រឹង និងបង្កើនគុណភាពសេវាកម្មទេសចរណ៍ ការរៀបចំសិក្ខាសាលា វេទិកាស្តីពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ កីឡានៅតាមតំបន់ទេសចរណ៍នានា និងទី៨-ការរៀបចំជម្រុញការផ្សព្វផ្សាយព្រឹត្តិការណ៍បុណ្យសមុទ្រចាប់ពីឥឡូវ នេះតទៅ។
លោកប្រធានអង្គ ប្រជុំក៏បានណែនាំឲ្យគណៈអភិបាលខេត្ត សមត្ថកិច្ចចម្រុះ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញ ខេត្តខិតខំរៀបចំ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឲ្យបានល្អ សក្តិសមជាសមាជិក ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកល លោក និងការប្រសិទ្ធនាមឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនីរតី ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍បុណ្យសមុទ្រ ក្លាយជា ព្រឹត្តិការណ៍របស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គ្រួសារ ហើយត្រូវចាត់ទុកបុណ្យសមុទ្រជាឱកាសមួយដ៏ល្អ ដើម្បីជំរុញការអភិវឌ្ឍទីក្រុងព្រះសីហនុ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញ៕