(ភ្នំពេញ)៖ លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group បានបង្ហាញបំណងវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដែលមានសក្តានុពលមានដូចជា វិស័យឧស្ម័ន និងប្រេង, វិស័យសុខាភិបាល, មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ, វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង វិស័យយានយន្ត។

លោក Lee Q. Shim បានបញ្ជាក់ពីបំណងវិនិយោគនៅកម្ពុជា ក្នុងពេលចូលជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ដោយក្តីរីករាយចំពោះបំណង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ក៏បានគូសរំលេចថា កម្ពុជាបានបង្កើតតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួនពីរនៅប្រទេសកាណាដា គឺនៅទីក្រុងតូរុនតូ (Toronto) និងទីក្រុងម៉ុងត្រេអាល់ (Montreal) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកាណាដា ក៏ដូចជាជួយសម្របសម្រួលការនាំចេញផលិតផលពីប្រទេសកម្ពុជាទៅកាន់ប្រទេសកាណាដា និងពីប្រទេសកាណាដាមកកាន់កម្ពុជាផងដែរ ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន មកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រដល់វិស័យឯកជន  ដោយផ្តល់ការលើកទឹកចិត្ត  និងជួយសម្របសម្រួលក្រុមហ៊ុន ដែលបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានការរីកចម្រើនធំធាត់។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាលម្អិតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ក្រុមហ៊ុន Lee Li Holdings Group គឺជាក្រុមហ៊ុនមានឈ្មោះបោះសំឡេងមួយ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា និងមានឥទ្ធិពល ក៏ដូចជាទំនាក់ទំនងខ្ពស់​នៅក្នុងអាជីវកម្ម ព្រមទាំងសហគមន៍នយោបាយនៃប្រទេសកាណាដា។ ក្រុមហ៊ុនមាន​សេវា​កម្មជា​ច្រើនវិស័យ ដូចជា៖ វិស័យម្ហូបអាហារ ភេសជ្ជៈ ការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ វេជ្ជសាស្ត្រ ភាគហ៊ុនឯកជន ឧស្សាហកម្មរុករករ៉ែជាដើម៕