(ភ្នំពេញ)៖ លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។

លោកឯកអគ្គរាជទូត បានបង្ហាញការប្តេជ្ញាចិត្តនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោក Shaharuddin Bin Onn បានជម្រាបសម្តេចធិបតីអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី និងកម្ពុជា។ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់លោក Shaharuddin Bin Onn និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរចំពោះលោកឯកអគ្គរាជទូត ត្រូវបានតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា។

សម្តេចធិបតី ក៏បានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះលោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato' Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ីផងដែរ។

សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ីផងដែរ។

ក្នុងជំនួបនេះ សម្តេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យនយោបាយ,សន្ដិសុខ និង​ការពារជាតិ, សេដ្ឋកិច្ច, ទេសចរណ៍ , អប់រំ និង​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ 

បន្ថែមលើនេះ សម្តេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការជំរុញនូវកិច្ច សហប្រតិបត្តិការលើការបង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជាក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ៕