(ភ្នំពេញ)៖ សិស្សានុសិស្សថ្នាក់ទី៦ ចំនួន៦០នាក់ នៃសាលាបឋមសិក្សាឫស្សីកែវ ស្ថិតក្នុងក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានទទួលការចុះផ្សព្វផ្សាយ និងអប់រំ អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន, ច្បាប់ចរាចរណ៍, ក្មេងទំនើង, សីលធម៌ និងសុជីវធម៌ ពីកម្លាំងសមត្ថកិច្ច នៃគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ ក្រោមកិច្ចសហការចូលរួមយ៉ាងល្អពីនាយរងប៉ុស្តិ៍ នាយយរិកាសាលា, លោកគ្រូ-អ្នកគ្រូ និងយុវជនកាយរិទ្ធ-កាកបាទក្រហម ដឹកនាំបង្ហាញដោយលោកវរ:សេនីយ៍ត្រីនាយប៉ុស្តិ៍ តូច គឹមសុង តំណាងចៅសង្កាត់ និងអភិបាលខណ្ឌ។

សម្រាប់សង្គមមួយអាចរីកចម្រើនខ្លាំងបាន ដោយសារការយល់ដឹងច្រើន អំពីផលប៉ះពាល់ផ្សេងៗ ទាំងគ្រឿងញៀន, ច្បាប់ចរាចរណ៍, ក្មេងទំនើង, សីលធម៌ និងសុជីវធម៌ និងប្រែក្លាយជាសង្គមដែលមានធនធានមនុស្សខ្លាំង ពោលគឺជាធនធានមនុស្ស ដែលមានការអប់រំខ្ពស់ មានការគិតស៊ីជម្រៅ និងមានភាពជាពលរដ្ឋល្អជាដើម។

ផ្ទុយទៅវិញ សម្រាប់ពលរដ្ឋ ដែលមានផ្នត់គំនិតពឹងផ្អែកតែលើសង្គមផ្ដល់ឲ្យ គឺពួកគេតែងតែចោទសួរថា តើសង្គមអាចជួយឬផ្ដល់អ្វីខ្លះដល់ខ្ញុំ? ហើយនៅក្នុងសង្គមមួយ ដែលមានធនធានមនុស្សបែបនេះ ពិតជាមិនអាចអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនបានឡើយ។

មុននឹងអភិវឌ្ឍន៍សង្គមជាតិមួយឲ្យមានអ្វីៗគ្រប់យ៉ាង គឺមេដឹកនាំគ្រប់ជាន់ថ្នាក់ ឪពុកម្ដាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូគ្រប់រូប ត្រូវបណ្ដុះផ្នត់គំនិតដល់ពលរដ្ឋ យុវជន និស្សិត និងសិស្សានុសិស្សទាំងអស់ ឲ្យមានគតិបណ្ដិតក្នុងខ្លួន និងមានមនសិការស្នេហាសង្គមជាតិ៕