(ភ្នំពេញ)៖ នៅយប់ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញវីដេអូមួយនៃកិច្ចប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី១ កាលពីឆ្នាំ១៩៩៣។

សម្តេចតេជោ បានបញ្ជាក់ថា វីដេអូនេះ គឺសម្តេចចង់បង្ហាញដោយសង្ខេបនូវ​ការតស៊ូមតិនៅក្នុងការប្រជុំដំបូងរបស់រដ្ឋសភាកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៣ នៃកិច្ចពិភាក្សាលើថវិកាសភា ឬនិយាយឲ្យស្រួលស្តាប់ គឺប្រាក់ខែសមាជិកសភា។

សម្តេចតេជោ បានបញ្ជាក់ថា ការពិភាក្សាមានរយ:ពេល ២ម៉ោង ៤២នាទី តែសុំសង្ខេប​មកត្រឹម១ម៉ោង ២២នាទី ដោយលើកយកតែមតិរបស់សម្តេច លោក ចែម ស្ងួន និងលោក ឈាន វ៉ុន ដែលទាំង ៣នាក់សុទ្ធតែជាថ្នាក់ដឹកនាំគណបក្ស​ប្រជា​ជនដូចគ្នា។

សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ក្រោយការមើល និងស្តាប់មតិរបស់សម្តេច​ដែលតស៊ូមតិ​ក្នុងវីដេអូនេះរួចទៅ ជនរួមជាតិនឹង
កាន់តែយល់ពីសម្តេច ដែលតស៊ូយ៉ាងណាទំរាំមានថ្ងៃនេះ៕