(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងជាអភិបាលខណ្ឌ ជំរុញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់បន្ថែមទៀត ចំពោះការរក្សាការពារសន្តិសុខ សណ្ដាប់ធា្នប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាព ពិសេសបញ្ហាចោរកម្មផ្សេងៗ ក្មេងទំនើង និងការបង្ក្រាបគ្រឿងញៀន ដើម្បីសេចក្ដីសុខក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ ដែលសំដៅដល់ការចូលរួមអនុវត្តនូវគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច» របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

លោក ជា ពិសី បានលើកឡើងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យជំនាញទាំង១១, លោក -លោកស្រី, ចៅសង្កាត់, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង១០, ប្រធាន-អនុប្រធានផ្សាររដ្ឋទាំង៤, ប្រធានសណ្តាប់ធ្នាប់ខណ្ឌ, នាយក-នាយិកាវិទ្យាល័យ-អនុវិទ្យាល័យ និងសាលាបឋមសិក្សាផងដែរ និងផ្តោតសំខាន់ក្រោមរបៀបវារៈមួយចំនួន នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

លោក ជា ពិសី នៅក្នុងការដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនេះ បានស្ងើចសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឲ្យខិតខំយកចិត្តទុដាក់បន្ថែមទៀត រាល់ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន ដោយមានរបៀបវារៈមួយចំនួន រួមមាន៖

*១៖ ការងារអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច» (រាយការណ៍ដោយលោកអធិការរងនគរបាលខណ្ឌ)
*២៖ ការងាររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ
*៣៖ ការងារគ្រប់គ្រងបញ្ហាយកភាស៊ីចំពោះបងប្អូនប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី
*៤៖ បញ្ហាផ្សេងៗ៕