(ភ្នំពេញ)៖ គណៈកម្មាធិការម៉ាកយីហោឧត្តមភាពសហគ្រិនអន្តរជាតិអាស៉ីប៉ាស៉ីហ្វិក (APC) បានផ្តល់ពានចំនួន២ ដល់ Econ Group Ltd របស់អ្នកឧកញ៉ា យូ សាម៉េត គឺពានម៉ាកយីហោឆ្នើម (Excellence Brand) និងពានភាពជាអ្នកដឹកនាំឆ្នើម (Excellence Leadership) ហើយការប្រគល់ពានបានធ្វើឡើងនៅប្រទេសម៉ាឡេស៉ី។

ជាមួយគ្នានេះ អ្នកឧកញ៉ា យូ សាម៉េត ក៏ត្រូវបានគណៈកម្មាធិការម៉ាកយីហោឧត្តមភាពសហគ្រិនអន្តរជាតិអាស៉ីប៉ាស៉ីហ្វិក (APC) តែងតាំងជាអនុប្រធានកិត្តិយស APC នៅអាស៉ីប៉ាស៉ីហ្វិក។

អ្នកឧកញ៉ា យូ សាម៉េត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះថា «ខ្ញុំមានកិត្តិយសណាស់ដែលបានទទួលពានរង្វាន់ទាំងនេះ ដែលនឹងជះឥទ្ធិពលដល់ការអភិវឌ្ឍន៍នាពេលអនាគតរបស់ក្រុមហ៊ុន។ ក្រុមរបស់យើងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង១០ ដែលភាគច្រើនស្ថិតនៅក្នុងផ្នែកថែទាំសុខភាព ការអភិវឌ្ឍអចលនទ្រព្យ និងអាជីវកម្មភោជនីយដ្ឋាន»

លោកបានបន្តថា យើងបានពង្រីកទៅសហរដ្ឋអាមេរិក និងអូស្ត្រាលីរួចហើយ ហើយសង្ឃឹមថានឹងពង្រីកទៅប្រទេសជាច្រើនទៀត រួមទាំងម៉ាឡេស៊ីនាពេលអនាគត៕