(កំពង់ឆ្នាំង)៖ មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍន៍បច្ចេកទេសអប់រំ (SEAMEO TED) និងបណ្តាញសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ One Health University (SEAOHUN) ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចូលរួមសហការណ៍អនុវត្តគម្រោងផ្តួចផ្តើមមួយក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពតែមួយក្នុងចំណោមសិស្សានុសិស្ស និងគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។

គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុន Chevron ដែលខិតខំផ្តល់សិទ្ធិអំណាចដល់មនុស្សជុំវិញពិភពលោក ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវៈភាពរស់នៅឱ្យសម្រេចបាននូវមហិច្ឆតា និងផ្ដល់នូវសក្តានុពលពេញលេញរបស់ពួកគេ។

សិក្ខាសាលាស្តីពីគម្រោងការអភិវឌ្ឍគ្រូបង្រៀន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពតែមួយនៅវិទ្យាល័យទូទៅ និងបច្ចេកទេសក្នុងប្រទេសកម្ពុជា បានធ្វើឡើងក្រោមវត្តមានលោកស្រីសាស្ត្រចារ្យបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ដែលមានអ្នកចូលរួមប្រមាណ ៥០រូប រួមមានតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈគ្រប់គ្រងមកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសផ្សេងៗទៀត។

សិក្ខាសាលានេះដើម្បីស្វែងរកការគាំទ្រពីភាគីពាក់ព័ន្ធសំខាន់ៗ ការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការអនុវត្តគម្រោងប្រកបដោយជោគជ័យ និងនិរន្តរភាព។ អ្នកចូលរួមបានពិភាក្សាអំពីយុទ្ធសាស្រ្តសម្រាប់ការរួមបញ្ចូលគោលគំនិតសុខភាពតែមួយទៅក្នុងកម្មវិធីសិក្សាដែលមានស្រាប់ និងស្វែងរកវិធីសាស្ត្រអប់រំដើម្បីជំរុញវប្បធម៌នៃការយល់ដឹងអំពីសុខភាពតែមួយនៅក្នុងសហគមន៍។

លើកឡើងនាឱកាសនោះលោកស្រីសាស្ត្រចារ្យបណ្ឌិត បូ ច័ន្ទគុលិកា បានសម្តែងការគាំទ្រយ៉ាងមុតមាំក្នុងការអនុវត្តគម្រោងដ៏សំខាន់ ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងដល់សហគមន៍ ទាក់ទងគោលគំនិតសុខភាពតែមួយ។ ស្របតាមសកម្មភាពសំខាន់ៗដែលកំណត់ដោយរាជរដ្ឋាភិបាល ផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសិស្ស តាមរយៈការផ្តល់អាហារមានជីវជាតិដល់កុមារ និងការគ្រប់គ្រងគុណភាពអាហារដែលលក់នៅក្នុងសាលារៀន។

លោកស្រីសាស្ត្រចារ្យបណ្ឌិត បានគូសបញ្ជាក់ផងដែរថា សូមឱ្យអ្នកចូលរួមទាំងអស់ដែលជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងតំណាងនាយកដ្ឋានពាក់ព័ន្ធ ជួយគាំទ្រ និងពន្លឿនការអនុវត្តគម្រោងឱ្យសម្រេចបាននូវគោលបំណងឱ្យអស់ទាំងកំលាំងកាយ និងកំលាំងចិត្តសម្រាប់រយៈពេល ៥ខែ ចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤។

គម្រោងផ្តួចផ្តើមនេះផ្តោតលើគោលដៅសំខាន់ៗមួយចំនួនមានដូចជា៖ ១៖ មានគោលបំណងបង្កើតម៉ូឌុលបណ្តុះបណ្តាលពេញលេញមួយលើគោលគំនិតសុខភាពតែមួយ ដែលត្រូវបានតាក់តែងជាពិសេសសម្រាប់គ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសនៅវិទ្យាល័យទាំងទូទៅ និងបច្ចេកទេសក្នុងប្រទេសកម្ពុជា។ ២៖ គម្រោងស្វែងរកការកសាងសមត្ថភាពគ្រូបង្គោលចំនួន ៩រូប ដែលបានជ្រើសរើស នឹងរៀបចំវគ្គបណ្ដុះបណ្ដាលឱ្យពួកគាត់នូវជំនាញ និងចំណេះដឹងចាំបាច់ ដើម្បីអនុវត្តកម្មវិធីការយល់ដឹងអំពីសុខតែភាពមួយប្រកបដោយប្រសិទ្ធភាព និង ៣៖ គម្រោងមានបំណងបង្កើនការយល់ដឹងអំពីសុខភាពតែមួយក្នុងចំណោមគ្រូបង្រៀន សិស្សានុសិស្ស និងនៅក្នុងសហគមន៍ជុំវិញសាលារៀនឱ្យកាន់តែមានភាពទូលំទូលាយ។

លោកបណ្ឌិត អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌល SEAMEO TED បានសម្តែងការសាទរចំពោះគម្រោងនេះ ដោយលោកមានប្រសាសន៍ថា យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្តើមអនុវត្គម្រោងនេះ ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងកាន់តែប្រសើរឡើងអំពីគោលគំនិតសុខភាពតែមួយក្នុងចំណោមគ្រូបង្រៀន និងសិស្សានុសិស្សក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះស្របតាម បេសកកម្មរបស់យើងក្នុងការលើកកម្ពស់ការអប់រំអំពីសុខភាពសហគមន៍»។

Dr. Tongkorn Meeyam នាយិកាប្រតិបត្តិនៃ SEAOHUN បានលើកឡើងពីលក្ខណៈសហការគ្នានៃគម្រោងនេះថា យើងមានសេចក្តីរំភើបរីករាយក្នុងការចាប់ផ្តើមអនុវត្តគម្រោងនេះឡើង កិច្ចសហប្រតិបត្តិការនេះមានគោលបំណងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃចំណេះដឹងស្ដីអំពី គោលគំនិតសុខភាពតែមួយ ក្នុងចំណោមអ្នកអប់រំនៅកម្ពុជា តាមរយៈការផ្តល់សិទ្ធិអំណាចដល់គ្រូបង្រៀនជាមួយនិងជំនាញ ចំណេះដឹងចាំបាច់ យើងមិនត្រឹមតែពង្រឹងប្រព័ន្ធអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសហគមន៍ឱ្យត្រៀម ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពតាមទស្សនៈរួមឱ្យបានប្រសើរជាងមុន។

Dr. Tongkorn Meeyam បានបន្ថែមថា គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍកម្លាំងពលកម្មផ្នែកសុខភាពតែមួយដែលមានសមត្ថភាពអាចរួមចំណែកយ៉ាងសំខាន់ដល់សុខភាពសាធារណៈ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការលើកកម្ពស់ការអប់រំសុខភាពតែមួយនៅគ្រប់កម្រិតទាំងអស់៕