(សៀមរាប)៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលរៀបចំដោយមូលនិធិគន្ធបុប្ផា មានចរិតលក្ខណៈជាការគៀងគរ អំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ដើម្បីជាចំណែកក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជា ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានគូសបញ្ជាក់ថា៖ «សកម្មភាពដែលមូលនិធិគន្ធបុប្ផាធ្វើជាប្រចាំនោះគឺត្រូវបានបែងចែកជា០៣ប្រភេទ រួមមានសកម្មភាពធ្វើជាប្រក្រតីភាព បន្តបន្ទាប់ ជាការផ្សព្វផ្សាយអំពាវនាវ បំផុសស្មារតី, សកម្មភាពជាយុទ្ធនាការដែលបន្ថែមពីលើការផ្សព្វផ្សាយជាប្រក្រតីភាព មានរយៈកំណត់ជាក់លាក់ណាមួយ និងសកម្មភាពជាកិច្ចសហការជាមួយបណ្ដាក្រុមហ៊ុនឯកជន, បណ្ដាគ្រឹះស្ថានហេរិញ្ញវត្ថុនានា និងបណ្ដាស្ថាប័នជាច្រើនផ្សេងទៀតផងដែរ»

លោកបណ្ឌិត បានបន្តថា ជាមួយគ្នានេះក៏មានព្រឹត្តិការណ៍ធំមួយផងដែរក្នុងឆ្នាំ២០២៤នេះ ដែលអាចនិយាយបានថាមិនមែនជាយុទ្ធនាការធ្វើជាប្រចាំនោះទេ តែជាការផ្ដួចផ្ដើមគំនិតដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលសម្ដេចបានបង្កើតនូវព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ដែលនេះក៏ជាសកម្មភាពចូលរួមចំណែកក្នុងការគៀងគរនូវថវិកា សម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាបន្ថែមលើសកម្មភាពមនុស្សធម៌ផ្សេងទៀត។

បន្ថែមពីនេះលោកបានបញ្ចាក់ថា នៅពេលដែលមិនទាន់មានមូលនិធិគន្ធបុប្ផានៅកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា ពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការចូលរួមសប្បុរសជននៅបរទេស តាមរយៈមូលនិធិគន្ធបុប្ផានៅប្រទេសស្វីស។ ក្រោយពេលបង្កើតមូលនិធិនៅកម្ពុជាបាន៦ឆ្នាំកន្លងមកនេះ មូលនិធិប្រទេសទាំងពីរបានបន្តសហការនិងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបន្តថាយន្តការសម្រាប់ទទួលការចូលរួមបរិច្ចាគរបស់សប្បុរសជនខ្មែរនៅបរទេស ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជានេះ គឺមានយន្តការធំៗចំនួន០៣៖

ទី១៖ យន្តការដែលស្ថានទូតកម្ពុជានៅតាមបណ្ដាប្រទេសនានា បានចាត់តាំងឱ្យសម្របសម្រួលជាទីតាំងបង្គោលសម្រាប់ការទទួល ប្រសិនជាមានបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមបរិច្ចាគ។

ទី២៖ តាមរយៈសមាគមខ្មែរនៅបរទេស ដែលឈរជាបង្គោលសម្រាប់សម្របសម្រួល ដើម្បីទទួលនូវថវិកាបរិច្ចាគនេះដែរ តែការចូលរួមនេះនៅមិនទាន់មានលក្ខណៈជាអចិន្ត្រៃយ៍នោះទេ មានចរិតលក្ខណៈតាមពេលនៅឡើយ។

ទី៣៖ ការចូលរួមដោយផ្ទាល់តាមអនឡាញដោយមូលនិធិគន្ធបុប្ផាតែម្ដង គ្រាន់តែមានលក្ខណៈបច្ចេកទេសច្រើនបន្តិច ដោយសារត្រូវឆ្លងកាត់ធនាគារដៃគូនៅបរទេសដូចជា ការអនុញ្ញាតឱ្យប្រើប្រាស់ក្រឌីតកាតជាដើម។

សូមបញ្ជាក់ជូនថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិគន្ធបុប្ផាកម្ពុជា បាននិងកំពុងបន្តការខិតខំអំពាវនាវ ដើម្បីកៀរគរថវិកាបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗ ដូចជាការជំរុញការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជន ការបង្កើនការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន និងសង្គម ការធ្វើបទបង្ហាញនៅតាមសមាគមធុរកិច្ច និងបណ្តាគ្រឹះស្ថានឧត្តមសិក្សា នៅតាមបណ្តារាជធានី-ខេត្ត ការដាក់បដារមូលនិធិនៅតាមទីសាធារណៈ និងការបន្តរៀបចំយុទ្ធនាការកៀរគរការបរិច្ចាគនានា ដូចជា៖ ការរៀបចំកម្មវិធីដើរដើម្បីកុមារកម្ពុជា, កម្មវិធីប្រកួតកីឡាបាល់ទាត់, កម្មវិធីប្រកួតវាយសី កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា និងកីឡាផ្សេងៗទៀត, ការប្រគំតន្រ្តីដើម្បីភាពញញឹមកុមារ និងយុទ្ធនាការជាច្រើនទៀត ដោយមានកិច្ចសហការពីបណ្តាក្រសួងស្ថាប័ន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន៕