(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅ បុគ្គលចំនួន២នាក់ដើម្បីសួរនាំ ក្រោយផលិតវីដេអូសម្តែងគំរាម របៀបហិង្សាដើម្បីបង្ហោះក្នុងផេកលក់ផលិតផល ទាក់ទាញអ្នកទស្សនាឲ្យចូលមើលច្រើន។

លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុគ្គលទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ញ៉ឹប​ សុវណ្ណ អាយុ៣៤ឆ្នាំ មុខរបរសិល្បករ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិថ្នល់បត់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ទៀង ស្រីលក្ខ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ អ្នកលក់អនឡាញ។

លោកថា ការថតវីដេអូ សម្តែងគំរាមប្រើអំពើហិង្សាបង្ហោះក្នុងផេកតាមបណ្តាញសង្គម ហើយមានការស៊ែចែកចាយវីដេអូសម្តែងនោះ នាំឲ្យរងការរិះគន់ពីអ្នកលេងក្នុងបណ្តាញសង្គម។ ការផលិតវីដេអូនោះ បង្កប៉ះពាល់ និងបំពុលសង្គម។

ក្រោយពីបានបំភ្លឺរួចហើយ ពួកគេបានសារភាពទទួលកំហុស និងមានការសោកស្តាយ ដោយបានសុំអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយសន្យាមិនប្រព្រឹត្តកំហុសឆ្គងបែបនេះម្តងទៀតនោះទេ និងសន្យាលុបចោលវីដេអូនោះចេញពីក្នុងផេករបស់ខ្លួនផងដែរ៕