(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យកោះហៅមន្រ្តីមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីកិច្ចសន្យា០២នាក់ ឈរជើងនៅគោលដៅស្តុប ណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ មកសួរនាំ ក្រោយផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមចោទថាបានកាក់ចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលឲ្យដួល។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញព័ត៌មានសង្គមនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាល ចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា២នាក់មកសួរនាំ ក្រោយមានការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង។

លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា «ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីទាំង០២នាក់នៅចំណុចគោលដៅខាងលើ មកសួរនាំជុំវិញបញ្ហានេះ»

បើតាមលោក សំ វិច្ឆិកា, បច្ចុប្បន្នមន្រ្តីចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាទាំង០២នាក់ ត្រូវផ្អាកការងារបណ្តោះអាសន្ន រង់ចាំសុំគោលការណ៍ និងបទបបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដើម្បីពិនិត្យសម្រេច៕